(ភ្នំពេញ)៖ លោក ពៅ ប៉ូលីណែល អនុរដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ទទួលបន្ទុកនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស និងនាយកដ្ឋានផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលទទួលអាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសជប៉ុន។
ក្នុងវ័យ ៤០ឆ្នាំ លោក ពៅ ប៉ូលីណែល កំពុងសិក្សាថ្នាក់បណ្ឌិត ឆ្នាំទី៣ នៅសាលា National Graduate Institute For Policy Studies ប្រទេសជប៉ុន ដែលជាសាលាដ៏ល្បីមួយកម្រិតពិភពលោក។ លោកគឺជាកូនច្បង របស់គ្រួសារក្រីក្រ នៅភូមិសាលាស្រុកចាស់ ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលមានកូន ៤នាក់។
ទោះបីជាកើតមកក្នុងគ្រួសារក្រីក្រ ក៏លោក ពៅ ប៉ូលីណែល ប្រឹងប្រែងតស៊ូរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ថ្នាក់បណ្ឌិត នៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៨ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២១នេះ។
តាមបទពិសោធន៍ជាក់ស្តែងរបស់លោក មានចំណុចគន្លឹះ៤ ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសជប៉ុន រួមមាន៖
១៖ ត្រូវបំពេញលក្ខខណ្ឌចម្បង៣ គឺសមត្ថភាពភាសាអង់គ្លេស (IELTS: 6.5 ឬ TOEFL: 550) ប្រវត្តិការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ល្អ និងមានបទពិសោធន៍ទាក់ទងនឹងមុខវិជ្ជាសិក្សា
២៖ ត្រូវបំពេញសំណុំបែបបទដាក់ពាក្យសុំអាហារូករណ៍ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវបញ្ជាក់ឲ្យបានច្បាស់ ពីគោលបំណងចង់បានអាហារូបករណ៍ និងការចូលរួមចំណែកអភិវឌ្ឍប្រទេសពេលបញ្ចប់ការសិក្សា (statement of purpose-SOP) ព្រមទាំងត្រូវរៀបចំគម្រោងស្រាវជ្រាវឲ្យបានល្អ ដោយផ្តោតលើចំណោទបញ្ហាស្រាវជ្រាវ និងសារៈសំខាន់នៃការស្រាវជ្រាវ (Research Proposal)
៣៖ ត្រូវមានការបញ្ជាក់ ពីថ្នាក់ដឹកនាំកន្លែងធ្វើការ និងសាស្រ្តាចារ្យរបស់យើងម្នាក់ នៅថ្នាក់បរញ្ញាបត្រជាន់ខ្ពស់ ថាយើងជាមនុស្សមានសមត្ថភាព ការប្តេជ្ញាចិត្តខ្ពស់ និងភាពជាអ្នកដឹកនាំ ដែលសាកសមក្នុងការបន្តការសិក្សានេះ (letters of recommendation)
៤៖ ពេលជាប់ដំណាក់ពិនិត្យឯកសារ និងលក្ខខណ្ឌខាងលើរួចហើយ ត្រូវត្រៀមខ្លួលសម្រាប់ការសម្ភាសផ្ទាល់មាត់ ដោយផ្តោតលើការពារគម្រោងស្រាវជ្រាវបឋមរបស់យើង។
លោក ពៅ ប៉ូលីណែល បញ្ជាក់ថា បើសិនជាមាន ៤ចំណុចខាងលើនេះ មិនត្រឹមតែយើងអាចដាក់អាហារូបករណ៍នៅជប៉ុនទេ គឺដាក់អាហារូបករណ៍នៅប្រទេសណា ក៏មានលទ្ធភាពជាប់ដែរ។ «ដំបូងឡើង ភាសាអង់គ្លេសយើងក៏ខិតខំរៀនខ្លួនឯងដែរ គឺយើងទិញសៀវភៅមកអានខ្លួនឯងជាដើម។ ចុងក្រោយ បងបានប្រឡងជាប់អាហារូបករណ៍ ដើម្បីរៀនភាសាអង់គ្លេស (នៅកន្លែងមួយ ដែលកន្លែងនេះ) ផ្តល់អាហារូបករណ៍ឲ្យមន្ត្រីរាជការ អញ្ចឹងបងក៏ប្រឡងជាប់កម្រិត១០ ហើយរៀន ២កម្រិត គឺកម្រិត១២ ក៏ប្រឡង IELTS។ បើយើងមិនមានសញ្ញាបត្រហ្នឹង ក៏យើងមិនអាចដាក់អាហារូបករណ៍ ទៅរៀននៅកូរ៉េបានដែរ»។
លោក ពៅ ប៉ូលីណែល បានរៀបរាប់ប្រវត្តិនៃការសិក្សាត្រួសៗថា ជាសំណាងល្អ កាលពីនៅកុមារ ផ្ទះរបស់លោកស្ថិតនៅក្បែរសាលារៀន ធ្វើឲ្យលោកមានលទ្ធភាពរៀនសូត្របាន ហើយការលើកទឹកចិត្ត និងការជំរុញពីគ្រួសារ ដែលថាចំណេះវិជ្ជាជាទ្រព្យ ក៏ជាសំណាងមួយកាន់តែល្អ សម្រាប់អ្នកចូលចិត្តការសិក្សារូបនេះ។ លោកអះអាងថា ឪពុកម្តាយសុខចិត្តខ្ចីលុយគេ ដើម្បីឲ្យលោកបានរៀនសូត្រ ហើយលោកខិតខំរៀនទាំងភាសាអង់គ្លេសផងដែរ។
ក្រោយចប់ថ្នាក់ទី១២ លោកបានប្រឡងជាប់ជានិស្សិតបរិញ្ញាបត្រប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺឆ្នាំ១៩៩៨ ដល់២០០២។ នៅឆ្នាំ២០០១ លោកក៏បានដាក់ពាក្យប្រឡងជាប់អាហារូបករណ៍ផ្នែកច្បាប់ទៀត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ រហូតដល់២០០៥។
ស្របពេលជាមួយគ្នានេះ ក្រោយបញ្ចប់បរិញ្ញាបត្រប្រវត្តិវិទ្យា លោក ពៅ ប៉ូលីណែល ថែមទាំងជាប់អាហារូបករណ៍នៅរាជបណ្ឌិតសភាកម្ពុជា ថ្នាក់អនុបណ្ឌិត ផ្នែកប្រវត្តិវិទ្យា ចាប់ឆ្នាំ២០០២ ដល់២០០៤។ លោកបញ្ជាក់ថា តែងតែដើរបង្រៀនភាសាអង់គ្លេស នៅតាមសាលាផ្សេងៗ ដើម្បីដោះស្រាយជីវភាព មុនក្លាយជាមន្ត្រីរាជការ។
«ជាកូនអ្នកក្រីក្រ យើងមិនមានលទ្ធភាពនៅក្នុងការចិញ្ចឹមជីវិត ឬក៏បន្តការសិក្សានោះទេ អញ្ចឹងបានជាខ្ញុំរៀនបណ្តើរធ្វើការបណ្តើរ តាមរយៈការដើរបង្រៀនគួរភាសាអង់គ្លេសតាមសាលាផ្សេងៗ ដើម្បីជួយទប់ជីវភាពអំឡុងពេលសិក្សា»។
នៅឆ្នាំ២០០៤ លោក ពៅ ប៉ូលីណែល បានក្លាយជាមន្ត្រីរាជការ គឺបានក្របខណ្ឌនៅរាជបណ្ឌិតសភា ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិត។ ក្រោយមក នៅឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ លោកបានដាក់អាហារូបករណ៍មួយទៀត ធ្វើជាគ្រូបង្រៀនកម្រិតបញ្ញាបត្រ+១ នៅវិទ្យាសា្ថនជាតិអប់រំ។
ក្រោយប្រឡងជាប់សញ្ញាបត្រ IELTS លោកបានដាក់អាហារូបករណ៍នៅកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (KOICA) សិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគោលនយោបាយសាធារណៈ និងគ្រប់គ្រងសាធារណៈ គឺចាប់ពីឆ្នាំ២០១១ ដល់២០១៣ មុនជាប់អាហារូបករណ៍នៅជប៉ុន ថ្នាក់បណ្ឌិត ចាប់ពីឆ្នាំ២០១៨ ដល់២០២១។ លោកសង្កត់ធ្ងន់ថា បើសិនជាមិនមានសញ្ញាបត្រ IELTS ក៏មិនអាចបំពេញលក្ខខណ្ឌដាក់អាហារូបករណ៍បានដែរ។
សូមជម្រាបថា អនុរដ្ឋលេខាធិការ ដែលមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បច្ចុប្បន្នគឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានផ្នែកផែនការយុទ្ធសាស្ត្រ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចាប់ពីឆ្នាំ២០២០មក។ ជាចុងក្រោយ លោកបានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយឲ្យចេះតស៊ូ ពុះពារ និងជម្នះរាល់ការលំបាកគ្រប់យ៉ាង ទោះបីជាកើតមកក្នុងគ្រួសារក្រីក្រក៏ដោយ។ លោកដាស់តឿនថា មានតែការអប់រំទេ ដែលអាចផ្លាស់ប្តូរវាសនាយើងបាន។
«ពេលខ្លះយើងគិតថា ទាល់តែយើងកូនអ្នកមាន ទាល់តែយើងមាននេះ មាននោះ ទើបអាចធ្វើឲ្យយើងជោគជ័យ។ សម្រាប់ខ្ញុំ ដើម្បីសម្រេចសក្តានុពលម្នាក់ៗ គឺយើងមិនចាំបាច់ជាកូនអ្នកមាន ឬកូនអ្នកធំ ទើបបានសម្រេចសក្តានុពលនោះទេ ឲ្យតែយើងខិតខំប្រឹងប្រែង ពិសេសគឺការអប់រំនេះហើយ ដែលអាចផ្លាស់ប្តូរវាសនាយើងបាន។ ជាពិសេស បើសិនជាយើងជាកូនអ្នកក្រ បើសិនជាយើងអត់បានរៀនទៀត គឺចប់ហើយជីវិតយើង»៕