(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក ក្នុងនោះយប់ ៦លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់១១នាក់ (ស្រី១នាក់ ) និងរបួសស្រាល៦នាក់ (ស្រី៣នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនធំចំនួន១គ្រឿង, រថយន្តធុនតូច៣គ្រឿង, យានផ្សេងៗ៣គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក , មិនគោរពសិទ្ធិ៤លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង២លើក, មិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៤នាក់។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៦,៦២២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,៥៦៩គ្រឿង ពិន័យសរុប ៤,០៥៣គ្រឿង៕