(ភ្នំពេញ)៖ យ៉ាងហើយណាស់ម៉ូតូ២គ្រឿងត្រូវបានក្រុមចោរវាយនិងកាប់ប្លន់យកនៅខណ្ឌ៣ផ្សេងគ្នា រួមមានខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌសែនសុខ។
ករណីទី១ បានកើតឡើងនាម៉ោង ១១៖៥០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ គឺមានជនសង្ស័យមួយក្រុម មានគ្មា២នាក់ប្រដាប់ដោយដែកទីប បានធ្វើការវាយប្លន់យកម៉ូតូ Scoopy ពណ៌សស្លាកលេខ ភ្នំពេញ 1FK-6027 មួយគ្រឿងពីជនរងគ្រោះម្នាក់នៅផ្លូវរទេះភ្លើងទល់មុខ ក្តាន់ពីរ ស្ថិតក្នុងសង្កាត់ស្រេះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលត្រូវចោរវាយប្លន់រងបួសត្រង់ក្បាល គឺមានឈ្មោះ មែល សភាហ្រីនភេទប្រុស អាយុ២១ឆ្នាំ មុខរបរជួសជល់ទូរសព្ទ័ ស្នាក់នៅម្តុំវត្តទួលសង្កែ ។ ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ទាំងស្តាយម៉ូតូជាខ្លាំង ។
ករណីទី២ បានកើតឡើងនៅម៉ោង១៖២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ បង្កដោយមានជនសង្ស័យ ជិត១០នាក់ជិះម៉ូតូ៦គ្រឿង មិនចាំម៉ាក ដែលប្រដាប់ទៅដោយ ដាវសាំម៉ូរៃ បានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះ២នាក់បណ្តាលឲ្យម្នាក់រងរបួសដៃខាងស្តាំ ដើម្បីប្លន់យកម៉ូតូ MSX ស្លាកលេខ ភ្នំពេញ 1FC- 9101 ទៅបាត់នៅត្រង់ចំណុចក្រោយមន្ទីរពេទ្យរូស្សី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិទំនប់ទឹកដើម្បីឲ្យសមត្ថកិច្ចជួយតាមរកម៉ូតូដែលក្រុមចោរប្លន់កាប់យកទៅ ។
និងករណីទី៣ មានករណីបាញ់ប្លន់ម៉ូតូមិនបានសម្រេច នៅចំការព្រីង កាលពីវេលាម៉ោង ជាង៥ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
ជនរងគ្រោះឈ្មោះ អុក សុល័ក្ខ ប្រុស អាយុ២៣ឆ្នាំ បាននិយាយថា គាត់ចេញពីផ្ទះមិត្តភក្តិរួចបណ្តើរម៉ូតូបែកកង់ ស៊េរី០១៥ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-7563 ស្រាប់តែមានក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះមានអាសង់២គ្រឿង អាវេវអាល់ហ្វា១គ្រឿង ដោយក្រុមចោរបានបាញ់១គ្រាប់ចំភ្លៅជនរងគ្រោះ ហើយចង់បាញ់ដើមទ្រូង១គ្រាប់ទៀតតែអត់ផ្ទុះ ជនរងគ្រោះក៏វាយប្រតាយប្រតប់ហើយស្រែកថាចោរៗ ពួកវាភ័យក៏រត់គេចបាត់អស់។ ក្រោយកើតហេតុ ជនងគ្រោះត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ៕