(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៩នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ១នាក់ បានស្លាប់ និង១០នាក់ បានព្យាបាលឱ្យជាសះស្បេីយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកកេីតជំងឺកូវីដ១៩នៅថ្ងៃនេះ ករណីទី១ ដល់ទី១១ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។
ករណីទី១២ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។
ចំពោះករណីទី១៣ ដល់ទី១៦ ក្រុមការងារសន្និដ្ឋានបឋមថាជាករណីប្រភពឆ្លងក្នុងសហគមន៍ថ្មីនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឆ្លងពីអ្នកបើករថយន្តដឹកទំនិញ ដែលចេញ-ចូល ទទួលទានអាហារនៅទីតាំងនេះញឹកញាប់ ក្នុងនោះករណីទី១៤ គឺជាករណីស្លាប់ ក្រោយរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដូចមានខ្លឹមសារបញ្ជាក់លម្អិតខាងក្រោម។
ដោយឡែក ករណីទី១៧ ដល់ទី២៦ ជាករណីគឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី២៧ ដល់ទី២៩ គឺជាអ្នកបើកបររថយន្តមកពីខេត្តកំពង់ស្ពឺ។
សម្រាប់អ្នកជាសះស្បើយទាំង១០នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ឈីវ រ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជ ប្រហិតចៀន នៅផ្ទះ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងមានការពាក់ព័ន្ធច្រើនជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនេះ អ្នកបើករថយន្តដឹកទំនិញ និងកម្មករលើកទំនិញ(ទំនិញភាគច្រើនជាស៊ីម៉ង់)។
ដោយមានអាការៈគ្រុនក្ដៅខ្លាំង និងពិបាកដកដង្ហើម ក្រុមគ្រួសារបានបញ្ជូន លោក ឈីវ រ៉ាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត វេលាម៉ោង០១៖១៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ ដោយស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង០២៖១០នាទី នៅថ្ងៃខែឆ្នាំដដែល។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៣នាក់។ ក្នុងនោះបានព្យាបាលជាសះស្បេីយចំនួន១៤៦នាក់ ស្លាប់៥នាក់ និង៤១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕