ព័ត៌មានបន្ថែមករណីបាញ់ប្លន់ផ្ទះលក់ដំឡូង ក្រុមចោរយកយកអស់គ្រឿងអលង្ការ និងលុយជាង១លានរៀល
17-03-2016 08:00
(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះថា ករណីបាញ់ប្លន់នៅផ្ទះលក់ដំឡូង ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន (មិនមែនទឹកដីក្រុងស្ទឹងត្រែង) ខេត្តស្ទឹងត្រែង នាយប់មិញនោះ ក្រោយការសួរនាំ ជនរងគ្រោះបាត់អស់គ្រឿងអលង្ការមានខ្សែដៃខ្សក និងលុយជាង១លានរៀល មុនពេលពួកវារត់ចូលក្នុងព្រៃកៅស៊ូបាត់ទៅ។
លោកឧត្តមសេនីយ៌ស្នងការបានបញ្ជាក់ថា «យើងមិនទាន់អាចកំណត់មុខសញ្ញាបានច្បាស់លាស់នៅឡើយទេ យើងកំពុងប្រមូលព័ត៌មានបន្ថែម និងទៅពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុនាព្រឹកនេះ»។
បើតាមលោកស្នងការ ក្រុមចោរដែលមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម និងអាកាមួយដើម បានចូលទៅប្លន់នៅផ្ទះខាងលើ ខណ:ផ្ទះម្ចាស់មិននៅ គឺទៅកំពង់ចាមបាត់ សល់តែអ្នកចាំផ្ទះ ហើយពេលនោះ ក្រុមចោរសួររកម្ចាស់ តែអ្នកចាំផ្ទះចេញមក ក៏បាញ់មួយគ្រាប់ រួចហើយប្រមូលយកគ្រឿងអលង្ការ និងលុយពីស្រ្តីម្នាក់ទៀត នៅផ្ទះក្បែរនោះ។
នៅព្រឹកថ្ងៃនេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងចុះទៅពិនិត្យបន្ថែមនៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមបង្ក្រាបក្រុមចោរប្លន់ទាំងនេះ៕