(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ១០០០កេសបន្ថែមទៀត ជូនដល់រដ្ឋបាលស្រុកពារាំង ខេត្តព្រៃវែង ដើម្បីបន្តចែកជូនពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «វត្តមានជាបន្តបន្ទាប់របស់ ខ្មែរ ប៊ែវើរីស ចំពោះការបរិច្ចាគក្នុងកិច្ចការសង្គមនានា គឺជាទឹកចិត្តចែករំលែកដល់គ្រប់ស្ថាប័នដែលកំពុងត្រូវការជំនួយនៅក្នុងស្ថានការណ៍នេះ»។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែចូលរួមចំណែក ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋរបស់យើងនៅក្នុងកាលៈទេសៈលំបាក។
គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ២០២១នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈ ប្រមាណជាង ២ម៉ឺនកេស រួចមកហើយ ជូនដល់ស្ថាប័នជាច្រើននៅទូទាំងប្រទេស ជាពិសេសស្ថាប័នមួយចំនួនធំដែលកំពុងទប់ស្កាត់ជំងឺកូវីដ-១៩ និងបំពេញការងារយ៉ាងសកម្មក្នុងការការពារសុខសុវត្ថិភាព ជូនដល់ពលរដ្ឋខ្មែរទាំងអស់៕