(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១នេះ ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៥,៧០០ផ្លាក ទទួលបានថវិកា ៤៦ពាន់លានរៀល ដាក់ចូលថវិកាជាតិ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍ ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា អំពីសមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើន ក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។
«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។
ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។
«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ៕