(ភ្នំពេញ)៖ រយៈពេល ២០ថ្ងៃ ក្រោយពីការប្រកាសបង្ហាញពីបំណងចង់រុះរើគណៈរដ្ឋមន្រ្តី នៅក្នុងឱកាសបិទសន្និបាទការងាររបស់ក្រសួងមហាផ្ទៃ, នៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចចិត្តធ្វើរឿងដ៏កក្រើក និងរញ្ជួយប្រថពី មិនធ្លាប់មានឡើយក្នុងការដឹកនាំប្រទេសជាង ៣០ឆ្នាំមកនេះ គឺការរុះរើគណៈរដ្ឋមន្រ្តីនៅក្នុងអាណត្តិជម្រុះចោលរដ្ឋមន្រ្តីមួយចំនួន ដែលពិនិត្យឃើញថា កំពុងអសកម្មក្នុងការងារមិនអាចសម្រេចបាននូវឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ និងជាតិនោះ។
ក្នុងថ្ងៃបង្កើត និងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលអាណត្តិទី៥ ជាលើកដំបូងនៅចុងឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹករួចទៅហើយដល់រដ្ឋមន្រ្តីទាំងអស់ឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយគោរពតាមអភិក្រម «ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល» ដើម្បីចៀសវាងដំណាក់កាលព្យាបាល។
ក្នុងរយៈពេលជាង ២ឆ្នាំ នៃដំណើរការរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី នាយករដ្ឋមន្រ្តីដែលដឹកនាំប្រទេសយូរជាងគេក្នុងតំបន់អាស៊ីរូបនេះ ក៏តែងបានដាស់តឿនផងដែរ ពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងបង្កើនសមិទ្ធផលថ្មីសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ តែភាពព្រងើយកន្តើយរបស់ក្រុមមន្រ្តីមួយចំនួន នៅតែកើតមានដដែល នាំឲ្យប្រជាពលរដ្ឋសម្តែងការខកចិត្ត ក្នុងនោះក៏មានមន្រ្តីថ្នាក់ក្រោមមួយចំនួនផងដែរ។ ភាពអសកម្មទាំងអស់នេះ បានបង្កជាបញ្ហាដ៏ច្រើន ហើយត្រូវបាននាយករដ្ឋមន្រ្តីទទួលដោយផ្ទាល់ និងជាហូរហែ តាមទំព័រ Facebook របស់សម្តេច ដែលតម្រូវឲ្យសម្តេចដោះស្រាយជាបន្តបន្ទាប់ និងពេលខ្លះត្រូវបញ្ជូនកូនរបស់ខ្លួនទៅធ្វើទាំងយប់ក៏មាន។
ការផ្លាស់ប្តូររដ្ឋមន្រ្តី ដែលសុទ្ធសឹងធ្លាប់មានប្រវត្តិស្នាដៃតស៊ូក្នុងបុព្វហេតុជាតិ របស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលសំណើបានបញ្ជូនទៅរដ្ឋសភាសុំការគាំទ្រ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ គឺជាការសម្រេចចិត្ត និងការអាកាត់មួយដ៏លំបាក។ តែការសម្រេចចិត្តដ៏លំបាកនេះ បានឲ្យប្រជាពលរដ្ឋខ្មែរ និងមន្រ្តីថ្នាក់ក្រោមនៅតាមក្រសួងអសកម្មមួយចំនួន សម្តែងការអបអរសាទរជាខ្លាំង។
គេនៅមិនទាន់ដឹងថា រដ្ឋមន្រ្តីនៅក្រសួងណាខ្លះ ដែលសម្តេចនាយករដ្ឋមន្រ្តី នឹងត្រូវរុះរើចេញនោះ តែតាមប្រភពទម្លាយនៅថ្ងៃម្សិលមិញនេះ មានក្រសួងការបរទេស ហើយក៏ប្រហែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្មផងដែរ ដែលក្រសួងទាំងពីរនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ជាក្រសួងស្ពឹកស្រពន់ជាងគេ។
លើបណ្តាញទំនាក់ទំនងសង្គមទាំងប្រជាពលរដ្ឋ និងជាមន្រ្តីមួយចំនួនផងដែរនោះ បានបង្ហាញនូវការសាទរ និងរីករាយ ដោយពួកគេបានហៅការរុះរើនេះ គឺជាកម្ចាត់ «សាច់ស្អុយ» និង ស្តាប្រជាប្រិយភាពនៅក្នុងរាជរដ្ឋាភិបាលផងដែរ។ រដ្ឋមន្រ្តីដែលប្រភពលួចបង្ហើបថា មានការផ្លាស់ប្តូរនេះ ក្រុមប្រជាពលរដ្ឋបានមើលឃើញថា ពួកគាត់ហាក់មិនសូវរស់រវើកក្នុងការងារ និងនាំមកនូវសមិទ្ធផលថ្មីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋនោះឡើយ។
ទន្ទឹមនឹងការសាទរប្រជាពលរដ្ឋ បានសម្តែងការរំពឹងទុកថា រដ្ឋមន្រ្តីដែលនឹងចូលមកជំនួសថ្មី គឺជាមន្រ្តីដែលស្វាហាប់នៅក្នុងការងារប្រកបដោយសមត្ថភាព ត្រិះរិះពិចារណា និងការច្នៃប្រឌិត ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងចំតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនឹងមិនដើរតាមលំអានចាស់របស់រដ្ឋមន្រ្តី ដែលរុះរើនោះឡើយ។
ការសម្រេចចិត្តរុះរើគណៈរដ្ឋមន្រ្តី របស់បុរសខ្លាំងនៅកម្ពុជា ក៏ជាសារព្រមាន និងក្រើនរំលឹកផងដែរ ទៅដល់រដ្ឋមន្រ្តីដទៃទៀត ដែលកំពុងកាន់តំណែងល្មមដល់ពេលត្រូវមានមនសិការស្នេហាការងារជាតិ និងប្រជាជន ឲ្យបានច្រើនជាងការស្រឡាញ់តួនាទី អំណាច និងទឹកប្រាក់។
ការបណ្តុះមនសិការស្នេហាការងារជាតិ និងប្រជាជនឲ្យបានកាន់តែច្រើន នឹងធ្វើឲ្យមន្រ្តីអាចបម្រើជាតិ និងប្រជាជនបានកាន់តែល្អប្រសើរ។ សុំឲ្យការផ្លាស់ប្តូរនេះ ថ្មីទាំងរដ្ឋមន្រ្តី ថ្មីទាំងសមត្ថភាព មិនមែនថ្មីតែរដ្ឋមន្រ្តី សមត្ថភាពការងារនៅដដែលនោះទេ។ បើមិនដូច្នោះប្រជាប្រិយភាព រាជរដ្ឋាភិបាលនឹងពិបាកស្តារ ហើយផលលំបាកប្រាកដជាចាក់ស្រោចលើនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ដដែលជាមិនខាន៕