(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់វីវៈសិល្បករ ផ្នែកចម្រៀងអាយ៉ៃ គឺលោក ទឹង វ៉ាន់ ឬម៉ក់ ណេន ហៅ លោកតា សាឡាត់ ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ លោកស្រីរដ្ឋមន្រ្តី បានចាត់ទុកថា ការទទួលមរណភាពរបស់លោក ទឹង វ៉ាន់ ជាការបាត់បង់ដ៏ធំធេងមួយទៀត នៃវិស័យសិល្បៈវប្បធម៌ខ្មែរ។
ក្រោយទទួលដំណឹងមរណភាព របស់វីរៈសិល្បករចម្រៀងអាយ៉ៃ លោក ទឹង វ៉ាន់, លោកស្រី ភឿង សកុណា បានបង្ហោះរូបភាពមួយចំនួន លើផេកហ្វេសប៊ុកផ្លូវការ ជាមួយនឹងការថ្លែងសារយ៉ាងដូច្នេះថា «នេះគឺជាការបាត់បង់ដ៏ធំធេងមួយទៀត នៃវិស័យសិល្បៈវប្បធម៌ខ្មែរ។ លោកពូធ្លាប់បានផ្តល់សំណើចរាប់មិនអស់ ចំពោះបងប្អូនជនរួមជាតិយើង រាប់ជំនាន់មកហើយ ថែមទាំងបង្ហាត់បង្រៀនសិល្បករជំនាន់ក្រោយ ជាច្រើនរូបទៀតផង»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា «គុណបំណាច់នេះ មានតម្លៃមិនអាចកាត់ថ្លៃបានទេ ហើយស្ថិតនៅជាប់ជានិច្ចក្នុងដួងចិត្តរបស់សិល្បករ និងទស្សនិកជនគ្រប់ៗរូប។ សូមវិញ្ញាណក្ខន្ធលោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាប លោកតា សាឡាត់ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺសួត និងលើសឈាម។ សពលោកតា សាឡាត់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ១៣៧ ផ្លូវ១១B ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
គួរជម្រាបថា ស្ទើរពេញមួយជីវិតទៅហើយ ព្រឹទ្ធាចារ្យសាឡាត់ ប្រើប្រាស់ជំនាញសិល្បៈបុរាណអាយ៉ៃ ដើម្បីបម្រើអារម្មណ៍មហាជនខ្មែរប្រុសស្រី។ កេរ្តិ៍ឈ្មោះជាសិល្បករ អាយ៉ៃរបស់លោក បានល្បីសុះសាយ មានការទទួលស្គាល់ពីមហាជនខ្មែរគ្រប់រូប និងត្រូវបានអ្នកជំនាន់ក្រោយត្រង់ត្រាប់រៀនសូត្រតាម សម្រាប់ជំនាញផ្នែកអាយ៉ៃរបស់លោកផងដែរ៕