(ភ្នំពេញ)៖ រឿង​អាស្រូវ​ស្នេហា​ផ្លូវ​ភេទ​តាម​ទូរស័ព្ទ​​របស់​ ប្រធានស្តីទីគណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​ Facebook ស្រី​ស្នេហ៍ និង​តាម​រយៈ Account Facebook របស់​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋ​អាមេរិកឈ្មោះ «រឿង​ពិត CNRP» មក​ដល់​ពេល​នេះ​ ​នៅ​តែ​បន្ត​បែក​ធ្លាយ ថែមទាំង​មាន​​ភាគពិសេសលាយឡំមួយៗផង។

បើ​តាម​អ្វី​ដែល​ រឿង​ពិត CNRP ទម្លាយ​ចេញ គឺដៃគូ​សន្ទនា​ស្នេហា​របស់​លោក​ កឹម សុខា មិនមែន​​មានតែស្រ្តីម្នាក់​ឈ្មោះ​ អាមុំ​ នោះទេ គឺមានជាបន្តបន្ទាប់ដូច​ជា​ អាចិន នាងយេស ឬម៉ាក់នីតា ជាជនជាតិវៀតណាម ​អាពីន អាលីន និង​អាលក្ខណ៍ជាដើម។

ទាក់​ទិន​បញ្ហា​នេះ គេ​មិន​ឃើញ​មានការ​ឆ្លើយ​តប​ណា​មួយ​ពី ​គណបក្ស​សង្គ្រោះជាតិ និ​ង​បុគ្គ​ល ​លោក កឹម សុខា ផ្ទាល់​នោះ​ទេ ក៏ប៉ុន្តែ​គេ​ឮ​សូរសម្លេង​ស្រែក​ទាម​ទារ​ឲ្យ​ប្រធាន​ស្ដីទី​រូប​នេះ​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ។ ការ​ទាម​ទារ​របស់​មហា​ជន​ឲ្យ​ លោក កឹម សុខា ធ្វើ​ការ​បំភ្លឺ​រឿង​អាស្រូវ​ផ្លូវ​ភេទ​នេះ ក៏ដោយ​សារ​តែលោក កឹម សុខា ជាមេដឹកនាំបក្ស​នយោបាយ និង​ជា​បុគ្គល​សាធារណៈដែលគួរតែ​​ផ្តល់​ភាព​ជា​គំរូល្អដល់​មហា​ជន មិន​គួរ​ប្រព្រឹត្តិ​អំពើ​អានាចារ អសីលធម៌​បែប​នេះ​នោះ​ទេ។

ស្រប​ពេល​ដែល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​តប កញ្ញា ឃុម ចាន់​តារាទី ឬ ស្រី​មុំ​ ជា​ស្រី​​​ស្នេហ៍​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់​របស់​លោក កឹម សុខា បាន​ចេញ​មុខ​បដិសេធតាម​​វិទ្យុ​អាស៊ី​សេរី និង VOA ដោយ​បាន​អះអាង​ថា រូប​នាង​មិន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​អូន​បង​ជាមួយ​លោក កឹម សុខា​ នោះ​ទេ។ បើ​ទោះ​ជា​ស្រី​មុំ ខំ​ប្រកែក​យ៉ាង​ណា​ក៏ដោយ​មជ្ឈដ្ឋាន​ទូទៅបាន​ធ្វើការ​វាយ​តម្លៃ​​​ថា សម្លេង​ស្រី​មុំ ​សា​សង​គ្នា​ក្នុង​ខ្សែ​អាត់​សម្លេងរឿង​អាស្រូវ​ស្នេហាជាមួយ​ លោក កឹម សុខា និង​សម្លេង​ស្រី​មុំ និយាយ​ក្នុង​វិទ្យុ​អាស៊ីសេរី និង​ VOA គឺ​ជា​សម្លេង​មនុស្ស​តែ​មួយ។

បើ​ផ្នែក​ទៅលើ​ខ្លឹម​សារ​សា​សង​គ្នា​ទៀត​សោត គឺ​មិន​អាច​និយាយ​​ថា ជា​សម្លេង​កាត់​ត​នោះ​ទេ។ អ្វី​ដែល​ជា​ភ័ស្តុ​តាំង​រឹង​មាំ​មិន​អាច​ប្រកែក​បាន​ទៀត​នោះ គឺ​ម្ចាស់​ហាង​កាត់​សក់​ខ្មែរ​អង្គរ លោក ទួន សុជាតិ ដែលជា​ថៅ​កែ​ផ្ទាល់​​របស់​អាមុំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្លេង​បែក​ធ្លាយ​ក្នុង​ខ្សែ​​អាត់រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម សុខា ​គឺ​ជា​សម្លេងរបស់​អាមុំ ១០០% មិន​អាច​ប្រកែក​បាន។ ប៉ុន្តែទោះជាបានឃើញ បានឮនូវសំឡេងច្បាស់ពិតរបស់ខ្លួនប៉ុណ្ណឹងទៅហើយក្តី ក៏​ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិលោក​ កឹម សុខា នៅតែបន្តសម្ងំលាក់ខ្លួន​ មិនហ៊ានចេញមុខធ្វើការបកស្រាយ​បំភ្លឺជូន​សាធារណជននៅឡើយទេ​។

ការ​មិន​ឆ្លើយ​តប​របស់​ លោក​ កឹម សុខា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​​​ជាតិ​​រូប​នេះ ប្រើ​វិធី​សាស្ត្រ​ថ្មី គឺ​មិន​ឆ្លើយ មិន​ឆ្លង ​មិន​ឈ្លោះ និង​មិន​ប្រកែក​ថា មាន​រឿង​អាស្រូវ​នេះ​ដែរ ប៉ុន្ដែ​​យុទ្ធ​សាស្ត្រ​ថ្មីនេះ ត្រូវ​បានអ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា លោក កឹម សុខា បង្កើត​​ឡើងដោយ​សារ​​តែមិនហ៊ាន​ប្រឈមការពិត។ បើ​ហ៊ាននិយាយថា​​ សម្លេងនេះមិន​មែនជាសម្លេងខ្លួន គឺជាការកុហក​គេ តែបើនិយាយថា សម្លេង​នេះពិតជាសម្លេងខ្លួន គឺជារឿងអាម៉ាស់​សម្រាប់អ្នក​នយោបាយវ័យ ៦៣ឆ្នាំរូបនេះ ដែល​នៅ​តែ​មាន​បំណង​ចង់ឆីស្រីក្មេង​ៗ។

បើសិនជាសម្លេងលោក កឹម សុខា មានតែមួយភាគមិនអីនោះទេ ប៉ុន្ដែសម្លេងមកដល់ថ្ងៃនេះ មាន​ជាង ​៣០ភាគទៅហើយ ភាគមួយណាក៏សម្លេងដូច កឹម សុខា ដែរ អញ្ចឹងហើយ មាន​តែ​មធ្យោ​​បាយមិន​ឆ្លើយទេ ទើបជាមធ្យោបាយល្អ​ ព្រោះបើប្រាប់គេថា មិន​មែន​ជា​សម្លេងខ្លួន ក៏គ្មាន​​នរណាគេជឿ​ដែរ បូករួមទាំងចរិកចូលចិត្តស្រីក្មេងផងនោះ គ្មាន​អ្នក​ណា​ម្នា​ក់ជឿថា សម្លេងនោះមិនមែនជាលោក​ កឹម សុខា ឡើយ។ តែគេគ្រប់គ្នាគ្រាន់ហួសចិត្តថា លោក ​កឹម សុខា ហ៊ាននិយាយភាសាសាហាវដល់ថ្នាក់​ហ្នឹងផង!! បើធ្លាប់ឃើញតែ​លោក​កាន់​ក្បាល​មេក្រូ ឈរ​ស្រែកសំដែងរិទ្ធនៅលើឆាក មិននឹកស្មានថា នៅក្រោយឆាក លោក កឹម សុខា​ ក៏សំបូរវោហា ញ៉ែស្រីមិនចាញ់​ក្មេងៗដែរសោះ!!

ជារួម​ករណី​រឿងអាស្រូវស្នេហាស៊ីជម្រៅរបស់​ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះជាតិលោក កឹម សុខា ជាមួយ​​នឹង​​ស្រីៗចម្រុះ​មជ្ឈដ្ឋាន ជាពិសេស​ជាមួយ​អ្នក​កាត់​សក់​ឈ្មោះ​ស្រីមុំ ដែល​ត្រូវ​បាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ចាប់​អារម្មណ៍​ និង​ផ្សាយ​បន្ត​ភ្លូក​ទឹក​ភ្លូកដី ប្រៀបដូច​ជា​ការ​ចាប់​សម្រាតខោអាវ​លោក កឹម សុខា កណ្ដាលហ្វូងមហាជនដូច្នេះដែរ។ ឆ្លើយ​តប​ទៅនឹង​សភាព​ការ​តានតឹងនេះ លោក​ កឹម​ សុខា បាន​ត្រឹម​ប្រកាស​ប្រកាន់ជំហរថ្មី គឺគ្មានអ្វីក្រៅ ពីការ «មិនឈ្លោះ មិនឆ្លើយ មិនឆ្លង» និងមិនប្រកែកតែប៉ុណ្ណោះ ព្រោះថា រឿងពិត​ប្រសិនបើហារទៅវាស្លាក់ ខ្ជាក់ទៅក៏វាស្លែង៕