(ភ្នំពេញ)៖ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំសិក្ខាសាលាចំនួនពីរ ដែលបានរៀបចំឡើងនាថ្ងៃ១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈកម្មវិធី ZOOM ស្តីអំពីសកម្មភាពបង្រៀននៅក្នុងថ្នាក់និម្មិត (អនឡាញ) និងបញ្ហាប្រឈមនៃការផលិតធនធានឌីជីថល សម្រាប់ការបណ្តុះបណ្តាលអ៊ីប្រ៊ីត ឬពីចម្ងាយ។
សិក្ខាសាលានេះរៀបចំឡើងដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) សម្រាប់សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ និងអ្នកជំនាញដែលស្ថិតនៅក្នុងវិស័យអប់រំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងក្របខ័ណ្ឌនៃផែនការណ៍ជួយជ្រោមជ្រែងលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលអ៊ីប៊្រីត ឬពីចម្ងាយក្នុងឆ្នាំ២០២១។
សិក្ខាកាមប្រមាណ២២០នាក់ ដែលជាសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំខ្មែរ ឡាវ ថៃ ទុយនីស៊ី ម៉ារ៉ុក និងវៀតណាម បានចូលរួមក្នុងសិក្ខាសាលាទី១ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែមិថុនា ដឹកនាំដោយលោកសាស្ត្រាចារ្យ Mokhtar BEN HENDA មកពីសាកលវិទ្យាល័យ Bordeaux Montaigne នៃប្រទេសបារាំង។
គោលបំណងនៃសិក្ខាសាលានេះ គឺផ្តល់នូវចំណេះដឹងទាក់ទង នឹងការដឹកនាំរៀបចំសកម្មភាពគរុកោសល្យនៅក្នុងថ្នាក់និមិត្ត (បង្រៀនតាមអនឡាញ) ដោយចាប់ផ្តើមពីការកសាងថ្នាក់រហូតដល់ការរៀបចំគរុកោសល្យ និងសកម្មភាពដែលគ្រោងទុកនៅក្នុងថ្នាក់ រៀនមួយដែលបង្រៀនពីចម្ងាយ (ដូចជា៖ ការរៀបចំ ខ្លឹមសារ ការផ្តល់ព័ត៌មាន ដល់និស្សិតការវាយតម្លៃសម្ភារឯកសារគរុកោសល្យ ការធ្វើ អន្តរកម្មរវាងនិស្សិត ការតាមដាននិងវាយ តម្លៃថ្នាក់រៀន។ល។ រហូតដល់ការដាក់ឱ្យដំណើរការនៃថ្នាក់រៀននិមិត្តមួយ។
ការកសាងធនធានគរុកោសល្យ ការរៀបចំសមត្ថភាព បច្ចេកទេសរបស់និស្សិតការតាក់តែងជំហាន (សេណារ្យ៉ូ)គរុកោសល្យ ការដាក់ឯកសារលើ អនឡាញ។ល។ សុទ្ធតែត្រូវបានបង្ហាញ។
មុននឹងបញ្ចប់សិក្ខាសាលាទី១នេះ វាគ្មិនបានបង្ហាញគំរូនៃសេណារ៉្យូនៃការកសាង និង ដំណើរការថ្នាក់រៀននិមិត្តមួយដល់សិក្ខាកាម។ ការផ្លាស់ប្តូរស្តីអំពីការផ្តល់និយមន័យលើការ បណ្តុះបណ្តាល ការកំណត់ថ្នាក់រៀន ការលើកទឹកចិត្តដល់និស្សិត និងការវាយតម្លៃប្រកបដោយ ប្រសិទ្ធិភាពនៃការបង្រៀនត្រូវបានលើកឡើងយ៉ាងសកម្ម។
សិក្ខាសាលាទី២ ដែលប្រព្រឹត្តិទៅនាថ្ងៃទី១៧ ខែមិថុនាបានទទួលអ្នកចូលរួម៣៤០នាក់មក ពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាហ្រិក។ នាឱកាសបើកម្មវិធីសិក្ខាសាលា Jean-Marc Lavest នាយកការិយាល័យតំបន់ នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានបញ្ជាក់ថា សិក្ខាសាលានេះមិនមែនជាសិក្ខាសាលាពីចម្ងាយលើកទី១ទេ ប៉ុន្តែគឺជាលើកទី៣ហើយដែល AUF បានរៀបចំឆ្នាំនេះក្នុងក្របខ័ណ្ឌនៃផែនការណ៍ជួយជ្រោមជ្រែងរបស់ AUF សំរាប់ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលអ៊ីប៊្រីត ឬពីចម្ងាយក្នុងឆ្នាំ២០២១ តាមគ្រប់គ្រឹះស្ថានសាកលវិទ្យាល័យ ជាសមាជិករបស់ AUF។
ដោយមិនបង្អង់យូរ វាគ្មិនលោកសាស្ត្រាចារ្យ Pr. Pascal Marquet មកពីសាកលវិទ្យាល័យ Strasbourg នៃប្រទេសបារាំង បានចាប់ផ្តើមធ្វើបទបង្ហាញដោយចាប់ផ្តើមពីប្រវត្តិខ្លះៗនៃទ្រឹស្តីនិងការអនុវត្តន៍នានាក្នុងការបង្រៀន និងការបណ្តុះបណ្តាល ដោយផ្តើមពីវិធីសាស្ត្រ បង្រៀនតាមបែបបុរាណ រហូតមកដល់ការបង្រៀនជាលក្ខណៈឌីជីថល។
ពេលវេលាជាច្រើនបានកន្លងទៅរបៀបកសាងនិងសិក្សាឆ្ពោះទៅបែបបច្ចេកវិទ្យាព័ត៌មានវិទ្យា ភាវូបនីយកម្មក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលបានវិវត្តទៅមុខ។ ហេតុដូច្នេះហើយ រហូតមកដល់សតវត្សទី២១នេះ ស្ថានភាពនៃការបង្រៀន និងរៀនក៏ត្រូវបំពាក់ដោយសម្ភារប្រឈមចំពោះ វត្តមានយ៉ាងគំហុកនៃប្រព័ន្ធឌីជីថល (កុំព្យូទ័រ តាប្លែត ស្មាតហ្វូន ក្តារឃៀនអន្តរកម្ម ប្រព័ន្ធ LMS ប្រព័ន្ធ ENT ថ្នាក់និមិត្ត) ដែលជាកត្តាចាំបាច់ដែលសិស្ស គ្រូ អ្នកជំនាញបណ្តុះបណ្តាល កម្មសិក្សាការីទាំងឡាយ ត្រូវទទួលយកឧបករណ៍ឌីជីថលទាំងនោះយកមកប្រើប្រាស់ទៅតាម សម័យកាលនៃការវិវត្តន៍ នៃសង្គមវិទ្យាសាស្ត្រ។
វាគ្មិនបានបញ្ចប់បទបង្ហាញដោយនាទីសំណួរ-ចម្លើយដែលសិក្ខាកាមទាំងឡាយបានចោទសួរទាក់ទងនឹងធនធានដ៏មានគុណភាព ធនធានអប់រំដែលប្រើដោយសេរី ជំហានគំរូនានា សម្រាប់ការបង្រៀន និងទម្រង់នៃការវាយតម្លៃលើការសិក្សា។
AUF នឹងរៀបចំសិក្ខាសាលាជាច្រើនផ្សេងទៀតនាពេលខាងមុខឆ្លើយតបនឹងតម្រូវការជាក់ស្តែង នៃគ្រឹះស្ថានសាកលវិទ្យាល័យ ជាសមាជិកនានា ដើម្បីពង្រឹងគុណភាពលើការបង្រៀន និងការរៀនពីចម្ងាយ៕