(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២១នេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៦៦គ្រួសារ ក្នុងសង្កាត់វាលស្បូវ។
នាឱកាសនោះ លោក ចេង មុនីរ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។
អភិបាលខណ្ឌច្បារអំពៅ ក៏ប្រាប់ប្រជាពលរដ្ឋថា៖ «យន្តការពារដ៏ស័ក្តិសិទ្ឋ សម្រាប់ការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង គឺអនុសាស្ត្រដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ ៣កុំ» បងប្អូនទាំងអស់គ្នា នឹងជៀសផុតពីជំងឺកូវីដ១៩។
លោកបានលេីកឡេីងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
ក្ក្នុងឱកាសនេះ លោក ចេង មុនីរ៉ា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាធានីភ្នំពេញ ដល់ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលជួបការខ្វះខាតជីវភាព ក្នុងអំឡុងប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងសូមឱ្យបងប្អូនរក្សាអនាម័យ ខ្លួនប្រាណ ពាក់ម៉ាសឱ្យបានត្រឹមត្រូវ លាងសំអាតដៃឱ្យបានញឹកញាប់ រក្សាគំលាតឱ្យបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាត ឱ្យបានស្អាតល្អ បាញ់អាល់កុលជាប្រចាំ។
លោក ញាណ ចាន់សោភា នាយករដ្ឋបាល បានញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអុីវ ត្រីខ មី ម៉ាស ជែល និងថវិកាមួយចំនួន៕