(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើទៅកាន់ភាគីវៀតណាម ឲ្យផ្តល់ឯកសារធ្វើដំណើរសម្រាប់ធ្វើការបណ្តេញជនជាតិវៀតណាមខុសច្បាប់ គ្មានលិខិតឆ្លងដែន ដែលកំពុងរក្សាទុកនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញឲ្យឆាប់ និងស្របតាមច្បាប់អន្តោប្រវេសន៍។
សំណើរបស់លោក គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងក្នុងពេលលោកអនុញ្ញាតឱ្យលោក វូ ខ្វាង មីង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។
បើតាមព័ត៌មានដែលចេញផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ទៅលោកទូតវៀតណាមថា ការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងនោះឡើយ។
ក្នុងជំនួបនោះលោក ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។
ជាការឆ្លើយតបនឹងបញ្ហានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឱ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់៕