Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាល របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា (Video Inside)

18-06-2021 09:30

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គបានបំពេញព្រះរាជកិច្ច ជាគំរូដ៏ថ្លៃថ្លាបំផុត ក្នុងព្រះរាជបេសកកម្មបម្រើចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលរាល់ព្រះរាជសកម្មភាព របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺជាប្រទីបភ្លឺចែងចាំង និងជាមាគ៌ាដ៏ល្អប្រពៃ សម្រាប់កូនចៅ ចៅទួត ជាសមាជិក សមាជិកាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដង្ហែរតាមដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មការពារសេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ ក៏ដូចជាការជួយសង្គ្រោះ ដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត ថែមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជារាស្រ្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៀត ក្នុងពេលដែលប្រទេសជាតិ បានទទួលរងផលប៉ះពាល់ដោយការរាតត្បាតនៃពីជំងឺកូវីដ-១៩ ទោះបី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មិនបានយាងដោយផ្ទាល់ក្តី តែហ្លួងម៉ែ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ព្រះរាជតំណាង នាំយកព្រះរាជអំណោយជាបន្តបន្ទាប់ ទៅប្រោសព្រះរាជទាន ដល់កូនចៅប្រជារាស្ត្រ នៅតំបន់បិទខ្ទប់ និងរងផលប៉ះពាល់ ដើម្បីសម្រាលទុក្ខលំបាក បងប្អូន កូនចៅរបស់ព្រះអង្គ។

ព្រះរាជកាយវិការដ៏ឧត្ដុង្គឧត្ដមរបស់ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងពេលកន្លងមក និងបច្ចុប្បន្ន បានដក់ជាប់ជានិច្ចនិរន្តក្នុងទឹកចិត្តនិងបេះដូង របស់កូនចៅ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស។

ដូច្នេះ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សារបស់ ហ្លួងម៉ែជាអម្ចាស់ជីវិត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងកម្រងព្រះរាជសកម្មភាព មនុស្សធម៌ ដ៏វិសេសវិសាល របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕