(ភ្នំពេញ)៖ សំណុំរឿងគួរឲ្យសង្វេគមួយបានកើតឡើងចំពោះគ្រួសារទាហានក្រីក្រចំនួន ៥គ្រួសារ ដែលមានដីកេរ្ត៏ផ្ទះសំបែងរបស់ខ្លួនក៏ត្រូវតុលាការ ខេត្តបន្ទាយមានជ័យ សម្រេចឲ្យរុះរើចេញ។
ពាក់ព័ន្ធសំណុំរឿងទំនាស់ដីធ្លីរបស់នាយទាហានមួយនេះត្រូវបាន លោក កើត រិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ថ្លែងប្រាប់ Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃនេះបានស្នើសុំទៅខាងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ សុំឲ្យផ្អាកការអនុវត្តសាលក្រម នៅថ្ងៃស្អែកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមទៀតសិន។
លោក កើត រិទ្ធ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបន្តបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានចាត់តាំងក្រុមការងារមួយក្រុម ដើម្បីចុះស្រាវជ្រាវលើសំណុំរឿងនេះទៅដល់ទីតាំងទំនាស់ ដើម្បីស្វែងរកការពិត។
សូមជំរាបថា គ្រួសារទាហានក្រីក្រចំនួន ៥គ្រួសារ ដែលមានដីកេរ្ត៏ផ្ទះសំបែងរបស់ខ្លួនក៏ត្រូវតុលាការសំរេចឲ្យរុះរើចេញ។ លោកវីរៈសេនីយត្រី ជា ថុល អត្តលេខ 035278 មេបញ្ជាការរង វីរៈសេនាតូច៥១១ ចំណុះឲ្យកងពលតូចលេខ៥១ យោធិភូមិភាគទី៥ និង ជាម្ចាស់ដីតំណាងឲ្យគ្រួសារកងទ័ព ទាំង៥គ្រួសារ ដែលត្រូវបានជនអ្នកមានអំណាច រំលោភបំពានចង់យកដី យកផ្ទះពួកគាត់ ទាំងបំពានច្បាប់ និងបានរៀបរាប់ទាំងទឹកភ្នែកថា៖ ក្រុមគ្រួសារកងទ័ពរបស់ពួកគាត់ បានមកកាន់កាប់ដី នៅតំបន់ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ១៩៩៣ អង្គភាព ង៤២ ដែលបានបែងចែកជូនគ្រួសារកងទ័ព ចំនួន២០មx ៥០ម ក្នុង១គ្រួសារ៕