(កំពង់ស្ពឺ)៖ ក្រោយពីប្រធានក្រុមហ៊ុន «Sanan Agriculture Development and Logistic» បាញ់មេគោផើម របស់ប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច បណ្តាលឲ្យងាប់ ហើយត្រូវបានប្រធានក្រុមហ៊ុនរូបនេះ លើកឡើងថា មានគេចង់ធ្វើបាបលោក ដោយផ្តើមចេញ ពីរឿងដីធ្លី ព្រមទាំងមានការលើកឡើងនូវឈ្មោះ លោកឧត្តមសេនីយ៍ ចៅ តុល ចូលរួមអន្តរាគមន៍នោះ ភ្លាមៗក្រោយពីការចេញផ្សាយជំនួយការ លោក ចៅ តុល បានចេញមកបដិសេធ ដោយចាត់ទុកថា នេះជារឿងបុគ្គល និងបុគ្គលដែលត្រូវប្រឈម និងការដោះស្រាយតាមច្បាប់។
ជំនួយការលោកឧត្តមសេនីយ៍ ចៅ តុល ដែលបានមកដល់ការិយាល័យ Fresh News បាននិយាយថា «គ្មានការជាប់ពាក់ព័ន្ធនោះឡើយ សម្រាប់ករណីនេះ គឺជារឿងប្រជាពលរដ្ឋ ដែលជាម្ចាស់គោ និងជនបង្កគឺត្រូវដោះស្រាយគ្នាតាមច្បាប់ ពោលមិនជាប់ពាក់ព័ន្ធនឹងរឿងថ្នាក់ដឹកនាំនោះឡើយ»។
ពាក្យបណ្តឹងរបស់ម្ចាស់គោគឺអ្នកស្រី ស៊ូ ថន អាយុ៥៥ឆ្នាំ និងប្តីជុំ ខឿន អាយុ៥៣ឆ្នាំដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ ឈ្មោះ ស្លាត សាណាន បានប្រើអំណាចដ៏ឃោឃៅ មកលើគ្រួសាររបស់នាងខ្ញុំណាស់ ដោយបានបាញ់សម្លាប់មេគោញីផើម មានកូនក្នុងពោះជិតកើតរបស់នាងខ្ញុំ យកទៅព្រលះយកសាច់ចែកកម្មករហូបអស់។ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងតុលាការខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌ឲ្យ ពេលនោះមានលោកមេឃុំតាំងសំរោង និងអភិបាលស្រុកភ្នំស្រួច បានធ្វើរបាយការណ៍ជូនថ្នាក់លើរួចហើយ។ ហើយលោក គង់ សែត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការចោទប្រកាន់ និងបញ្ជាឲ្យចាប់ខ្លួនយកមកឃុំខ្លួនឈ្មោះ ស្លាត សាណាន តែរហូតមកដល់ឆ្នាំ២០១៦នេះ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ»។
ជាមួយគ្នានេះ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខាងលើត្រូវបានបញ្ជូនទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តីហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦៕