(កំពង់ឆ្នាំង)៖ មហាឧបាសក លឹម ឈុន មហាឧបាសិកា ចាយ គង់ និងឧបាសិកា ហ៉ឺ ប៊ុនសេង ព្រមទាំងក្រុមគ្រួសាររបស់ឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកស្រី ហេង សុខា បានរៀបចំចង្ហាន់ និងអាហាររយៈពេល១៥ថ្ងៃ ប្រគេនព្រះសង្ឃ និងជូនយាយជីតាជី ៤០អង្គ/នាក់ នៅវត្តធម្មវ័ន្ត ស្ថិតក្នុងភូមិត្រពាំង អញ្ជាញ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
យោងតាមក្រុមការងាររបស់ឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកស្រី ហេង សុខា បានឱ្យដឹងថា ការរៀបចំចង្ហាន់ និងអាហារ ប្រគេនព្រះសង្ឃ និងជូនយាយជីតាជីក្នុងវត្តធម្មវ័ន្តនេះ ក្នុងមួយថ្ងៃពីរពេលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ជំងឺកូវីដ១៩ នៅមិនទាន់ថមថយនៃការឆ្លងរាលដាលនៅឡើយ បានធ្វើឱ្យពុទ្ធបរិស័ទមានការព្រួយបារម្ភពុំទាន់ហ៊ានទៅធ្វើបុណ្យតាមទីវត្តអារាមនោះឡើយ។ ការណ៍នេះធ្វើឱ្យព្រះសង្ឃនៅតាមទីអារាមនានា មានការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ។
ដោយឃើញពីការលំបាក និងខ្វះខាតរបស់ព្រះសង្ឃនេះហើយ ទើបមហាឧបាសក លឹម ឈុន មហាឧបាសិកា ចាយ គង់ និងឧបាសិកា ហ៉ឺ ប៊ុនសេង បានរៀបចំប្រគេនចង្ហាន់ និងអាហារប្រគេនព្រះសង្ឃ និងជូនដល់យាយជីតាជីនៅក្នុងវត្តធម្មវ័ន្ត។
ក្នុងវត្តធម្មវ័ន្តនេះ មានព្រះសង្ឃចំនួន ១៧អង្គ និងយាយជីតាជីចំនួន ២៣នាក់។ មហាឧបាសក លឹម ឈុន មហាឧបាសិកា ចាយ គង់ និងក្រុមគ្រួសារលោកឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកស្រី ហេង សុខា ជាពុទ្ធសាសនូបត្ថម្ភប្រកបដោយសទ្ធាយ៉ាងជ្រះថ្លានៅកម្ពុជា។
ក្រៅតែពីការចូលរួមកសាងសមិទ្ធផលនានានៅតាមទីអារាមហើយនោះ នៅក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ មហាឧបាសក លឹម ឈុន មហាឧបាសិកា ចាយ គង់ និងក្រុមគ្រួសារលោកឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកស្រី ហេង សុខា បានរៀបចំស្បៀងអាហារជាច្រើនប្រគេនព្រះសង្ឃគង់នៅតាមវត្តនានា ដែលកំពុងជួបការខ្វះខាតផងដែរ៕