(សៀមរាប)៖ មន្រ្តីសណ្តាប់ធ្នាប់ និងមន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យទីតាំងឡផលិតកុលាលភាជន៍បុរាណនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលរងការឈូសឆាយពីប្រជាពលរដ្ឋនៅទីនោះ ដើម្បីពូនថ្នល់ចូលដីរបស់ខ្លូន។
កិច្ចការនេះធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែអាជ្ញាធរជាតិអប្សរា និងដៃគូស្រាវជ្រាវអន្តរជាតិ ធ្លាប់បានសិក្សាបុរាណវិទ្យាលើស្ថានីយទ្បដុតកុលាលភាជន៍នេះកន្លងមក និងទើបបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយដែរ។ ស្ថានីយនេះជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដើមសម័យអង្គរ ប្រភេទស្រទាប់រលោងពណ៌បៃតង ដែលផ្តើមផលិតនៅរវាងសតវត្សទី៩-១០ នៃគ្រិស្ដសករាជ។ កុលាលភាជន៍ប្រភេទនេះ ធ្លាប់ប្រទះឃើញតាមស្ថានីយ៍កំណាយផ្សេងៗក្នុងខេត្តសៀមរាប តំបន់ផ្សេងៗ និងនៅភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។
ថ្មីៗនេះមានការឈូសឆាយធ្វើថ្នល់ចូលសហគមន៍របស់អ្នកស្រុកក្នុងតំបន់ ដោយកាត់តាមជើងទួលទ្បមួយផ្នែក ដោយបានប៉ះពាល់ជើងទួលផ្នែកខាងលិចមួយចំហៀង។ តាមការពិនិត្យជាក់ស្តែង ការឈូសឆាយធ្វើផ្លូវនៅផ្នែកខាងលិច បានយកដីមួយផ្នែកនាជើងទួល មិនទាន់បានប៉ះពាល់ដល់រចនាសម្ពន្ធនិងគ្រឿងបង្គុំទ្បទេ។ ប៉ុន្តែបានប៉ះពាល់ដល់គំនរអំបែងភាជន៍ និងសំណល់ដែលសល់ពីទ្បចាស់ ដែលបានកាយមកទុកនៅជើងទួល។
វិធានការបន្ទាន់មួយ ត្រូវបានដាក់ចេញដោយមន្រ្តីសណ្តាប់ឆ្នាប់ សហការជាមួយអាជ្ញាធរមូលដ្ឋាន គឺបានដាក់របាំងការពារ និងហាមឃាត់ការឈូសឆាយបន្ត រួមទាំងអប់រំណែនាំប្រជាជនរស់នៅក្បែរស្ថានីយឱ្យជួយអភិរក្សស្ថានីយនេះ។ វិធានការបន្ទាប់ ដោយមានការឯកភាពពីរដ្ឋបាលស្រុក គឺស្នើឱ្យអាជ្ញាធរមូលដ្ឋានកាយប្រមូលដីដែលបានយកពីជើងទួល ពូនកន្លែងខូចខាតទ្បើងវិញ និងថ្នល់ថ្មីត្រូវរក្សាគម្លាតទីទួលបុរាណនេះ។ ក្នុងពេលខ្លីខាងមុខ អាជ្ញាធរជាតិអប្សរា នឹងរៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ដោយសហការជាមួយរដ្ឋបាលស្រុកដើម្បីបញ្ជៀសការឈូសឆាយ ដើម្បីអភិរក្សនិងលើកតម្លៃស្ថានីយនេះឱ្យបានគង់វង្ស។
បន្ថែមលើនេះ ស្ថាប័នទាំងពីរនឹងរៀបចំឲ្យមានវេទិកាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារសំខាន់ លក្ខណៈពិសេស និងតម្លៃប្រវត្តិសាស្ត្ររបស់តំបន់ ដើម្បីឱ្យសហគមន៍មូលដ្ឋានចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌរួមគ្នា៕