(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យ លោកគ្រូគង្វាល ចន ភីលដូ តំណាងសមាគមព្រេសប៊ីធរ័រាននៅកម្ពុជា ចូលជួបសំដែងការគួរសម និងរាយការណ៍អំពីការងារសមាគម ដែលជាផ្នែកមួយនៃសាសនា របស់ក្រសួងធម្មការ និងសាសនា។
ក្នុងឱកាសនោះ លោកបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិ រួមទាំងការគិតគូដល់សុខដុមរមនាលើវិស័យសាសនាដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ។ ដើម្បីជាការគោរពដល់រាជរដ្ឋាភិបាល និងច្បាប់របស់ជាតិលោកគ្រូគង្វាល ចន ភីលដូរ បានប្តេជ្ញា គោរព និងរួមចំណែកដោយយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាឲ្យបរិស័ទរបស់ខ្លួនគោរពច្បាប់សាសនា និងច្បាប់រដ្ឋបានល្អប្រសើរ រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕