(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសឱ្យអនុវត្តជាផ្លូវការ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥»។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនានេះ បានបញ្ជាក់ថា តាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និង ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក៏ដូចជាការត្រៀមខ្លួន ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ រាជរដ្ឋាភិបាលចាំបាច់ត្រូវកំណត់ទិសដៅក្នុងការទាញយកសក្ដានុពល នៃបរិវត្តកម្មឌីជីថល តាមរយៈការចាប់យកកាលានុវត្តភាព និងការពង្រីកវិសាលភាព នៃផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យឌីជីថល ដែលមិនត្រឹមតែអាចប្រែក្លាយ ទៅជាប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជំរុញបង្កើនផលិតភាព នៃវិស័យផ្សេងទៀតផងដែរ ។
ជាមួយគ្នានេះ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលកំពុងមានសភាពខ្លាំងក្លា នៅដើមទសវត្សរ៍ទី ៣ នៃសតវត្សរ៍ទី ២១ នេះ បាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ដែលមិនត្រឹមតែបានឆក់យកជីវិតប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់សម្ពាធលើប្រភពកំណើន, បង្កើតជាបច្ច័យអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ច-សង្គម និង បញ្ហាជារចនាសម្ព័ន្ធដែលកំពុងប្រឈមស្រាប់ ក្នុងរយៈពេលមធ្យមខាងមុខ, និង ប៉ះទង្គិចដល់គន្លងអភិវឌ្ឍន៍រយៈពេលវែង។
ការណ៍នេះបង្ហាញអំពីភាពបន្ទាន់ និងភាពចាំបាច់សម្រាប់កម្ពុជាក្នុងការរៀបចំ និង ការដាក់ចេញអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលកំណត់យកវិស័យឌីជីថល ជាម៉ូដែលកំណើនសេដ្ឋកិច្ចថ្មី ដែលមានភាពឆ្លើយតប និង ភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិនាពេលអនាគតផង ជាពិសេសការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ផង ។
ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាពពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និង ស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដែលកម្ពុជាសម្រេចបានជាងបីទសវត្សរ៍កន្លងទៅ, «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ត្រូវបានរៀបចំ ស្របតាមតម្រូវការជាក់ស្ដែង សក្តានុពល ធនធាន និង សមត្ថភាព ទាំងនៅក្នុងវិស័យសាធារណៈ និង ទាំងនៅក្នុងវិស័យឯកជន ដើម្បីធ្វើ-ការតម្រង់ទិសការអភិវឌ្ឍ និង ដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា។
តាមរយៈក្របខណ្ឌគោលនយោបាយនេះ កម្ពុជាកំណត់យកចក្ខុវិស័យ «កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និង បរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី» ក្នុងគោលបំណងកសាងសេដ្ឋ-កិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង៕