(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពី ការបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក ដែលនឹងចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖

១៖ ក្រសួងទេសចរណ៍នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ។

២៖ អាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកដែលចេញដោយក្រសួងទេសចរណ៍កន្លងមក ហើយនៅមានសុពលភាពអាចបន្តអនុវត្តរហូតដល់អស់សុពលភាព។

៣៖ លោក-លោកស្រីជាម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកដែលមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជូនទេសចរណ៍ ដោយពុំបាច់តម្រូវឱ្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតទេ។

៤៖ ដោយឡែក ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក នៅតែអាចស្នើសុំចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងគុណភាពសេវាកម្ម ឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងផ្សេងៗកម្រិតថ្នាក់ជាតិ ឬថ្នាក់តំបន់ តាមរយៈក្រសួងទេសចរណ៍បាន។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖