(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដឹកនាំដោយលោក Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ។
រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. បានផ្លាស់ប្តូរទស្សនៈ លើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និងបានបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសហការក្នុងតំបន់ និងតួនាទីដ៏សំខាន់របស់ វ.ប.ន. ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច។ ដើម្បីបង្កើននូវភាពប្រកួតប្រជែង របស់អាស៊ាន ក្នុងដំណាក់កាលក្រោយកូវីដ១៩ អង្គប្រជុំបានឯកភាពលើការកសាង នូវផែនការតំបន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីអាស៊ានផ្នែក វ.ប.ន.។ អង្គប្រជុំក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់សម្រាប់កិច្ចសហការ លើការសិក្សាស្រាវជ្រាវអំពីជំងឺកូវីដ ១៩ និង វ.ប.ន. លើបរិវត្តកម្មឧស្សាហកម្ម និងមូលដ្ឋានគ្រឹះសម្រាប់អនាគត។
រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. ក៏បានឯកភាពកំណត់អាទិភាព សម្រាប់ឆ្នាំ២០២១ លើវិស័យ វ.ប.ន.មួយចំនួនដូចខាងក្រោម៖
*ទី១៖ អនុម័តគម្រោងយ៉ាងតិចពីរ សម្រាប់កសាងសមត្ថភាពអាស៊ាន ក្នុងការប្រឆាំងកូវីដ១៩
*ទី២៖ អនុវត្តវគ្គសិក្សារយៈពេលខ្លីលើ High Performance Computing (HPC)
*ទី៣៖ បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា
*ទី៤៖ អនុវត្តគម្រោងយ៉ាងតិចពីរ ដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព
អង្គប្រជុំបានស្វាគមន៍ និងជំរុញរាល់សកម្មភាពកសាងសមត្ថភាពលើវិស័យ វ.ប.ន. ដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ ក៏ដូចជាសិស្សនិស្សិត និងតួអង្គពាក់ព័ន្ធនានា ដែលជាគន្លឹះ ដ៏សំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចអាស៊ាន។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានផ្តល់បទអន្តរាគមន៍ដោយបានស្នើសុំឲ្យ ប្រទេសជាសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយបរិយាបន្ន និងសមធម៌ ក្នុងការរៀបចំនូវគម្រោងសម្រាប់តំបន់។ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងការរីករាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតមួយគួរឲ្យបារម្ភ ដូចនេះកម្ពុជាសង្ឃឹមថា ប្រទេសជាសមាជិកទាំងអស់ អាចចូលរួមរិះរកយន្តការបន្ថែមប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
អង្គប្រជុំក៏បានកំណត់ថា នឹងរៀបចំកិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ាន ផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែឧសភា ឆ្នាំ២០២២ខាងមុខ៕