(បន្ទាយមានជ័យ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពិភាក្សាលើការងារ ពាក់ព័ន្ធទៅនឹងការអនុវត្តនីតិវិធីព្រហ្មទណ្ឌ ក្រោមធិបតីភាព លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការរង និងមន្ត្រីនគរបាលយុត្តិធម៌ ចំនួន៩២នាក់មកពីមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងមន្ទីរការិយាល័យពាក់ព័ន្ធជាច្រើននាក់បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ផាន់ វណ្ណរ័ត្ន បានថ្លែងថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវ ជៀសវាងមានកំហុសឆ្គង។ កន្លងមកមន្ត្រីនគបាលយុត្តិធម៌ ដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានខិតខំទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានរលូន និងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គួរឲ្យកត់សំគាល់។ លោក ផាន់ វណ្ណរ័ត្ន បានបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងដែនដីខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពស្របតាមនីតិវិធីព្រហ្មទណ្ឌនោះ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអញ្ជើញលោកមេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីក្រោមឱវាទទាំងអស់ឲ្យចូលរួមពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយក្នុងការអនុវត្តន៍នីតិវិធីព្រហ្មទណ្ឌឲ្យបានល្អទៅថ្ងៃមុខផងដែរ។ លោក ផាន់ វណ្ណរ័ត្ន បានធ្វើការដល់មន្ត្រីនគរបាលយុត្តិធម៌ដែលបានចូលរួមប្រជុំទាំងអស់ថា ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ធ្វើយ៉ាងណាកសាងសំណុំរឿងអោយមានភាពយុត្តិធម៌កុំឲ្យ សទៅខ្មៅ ឬ ខ្មៅទៅ ដើម្បីរកភាពយុត្តិធម៌ជូនប្រជាពរដ្ឋទាំងអស់គ្នា៕