(កំពង់ស្ពឺ)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយស្ថិតក្នុងភូមិសាស្រ្តភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលភាគីជម្លោះបានចញ្ចឹមចិត្តដាក់គ្នារហូតកន្លងមក១៦ឆ្នាំហើយ តាមការសម្របសម្រួលរបស់អាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយលោក វ៉ី សណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានដោះស្រាយតាមគោលការណ៍ឈ្នះឈ្នះ ដោយជោគជ័យ និងឯកភាពគ្នា១០០ភាគរយ។
លោក វ៉ី សំណាង បានឲ្យដឹងថា ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់ សូមកោតសរសើរចំពោះភាគីជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលមានលោកស្រី ជិន លួន និងលោក ហ៊ូ ឡុងឌី តំណាងឱ្យលោកស្រី ស៊ីវ ដានី លោកហេង រដ្ឋា លោកជាវ តុង លោកសូ តូនែរ និងលោកសៀង សុខា ដែលមានជម្លោះគ្នារយៈពេល ១៦ឆ្នាំកន្លងមកហើយ ថ្ងៃនេះបានយល់ព្រមអង្គុយនៅតុចរចារដោយទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ។
លោកអភិបាលបានបន្តថា តាមរយៈនេះរដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូន ដែលមានបំណងទិញដូរដី សូមមេត្តាពិនិត្យមើលឱ្យច្បាស់ថាតើដីនោះមានប្លង់រឹងឬនៅ។ ក្នុងនាមអាជ្ញាធរជាអ្នកអនុវត្តនៅទីវាល សូមអំពាវនាវ ដោយទទូចសូមពុកម៉ែមាមីងបងប្អូនដែលមានបំណងទិញដី សូមមេត្តាកុំទិញដីដែលមានរឿងមកដាក់ខ្លួនឲ្យសោះ សូមងាកទៅទិញដីដែលមានប្លង់រឹង ទើបប្រសើរជាង៕