(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាឱកាសចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
ក្នុងលិខិតថ្វាយព្រះពរនេះ សម្តេចវិបុលសេនាភក្តី បានលើកឡើងថា «ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវការគោរពដឹងគុណដ៏មហាជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងបានលះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណក្នុងការបំពេញព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ និងបានយកព្រះទ័យទុកដាក់ខ្ពស់គ្រប់ពេលវេលា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជារាស្រ្តជាកូនជាចៅ ចៅទួត របស់ព្រះអង្គ»។
សម្តេចបានបន្តថា៖ ព្រះអង្គជាព្រះមាតាជាតិដ៏ឧត្តុង្គឧត្តមនៅក្នុងវិស័យសាសនា អរិយធម៌ វប្បធម៌ សីលធម៌ សប្បុរសធម៌ និងមនុស្សធម៌ព្រមទាំងបានលើកកម្ពស់គុណតម្លៃរបស់ស្ត្រី ឱ្យដើរតួនាទីកាន់តែសំខាន់ នៅគ្រប់កម្រិត ក្នុងការចូលរួមអភិវឌ្ឍជាតិ និងបានការពារទប់ស្កាត់រាល់ការរើសអើង និងរំលោភបំពានលើស្ត្រី កុមារ និងជនពិការ។ ព្រះរាជកិច្ចដ៏មហាសំខាន់ខាងលើនេះ ត្រូវបានប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ និងអន្តរជាតិគោរពផ្តល់តម្លៃដ៏មហាខ្ពង់ខ្ពស់»៕
ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានព្រឹទ្ធសភា៖