(កំពត)៖ គោចំនួន៤ក្បាល របស់ប្រជាកសិករ រស់នៅក្នុងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវចោរចូលលួចយកទៅបាត់ នៅវេលាម៉ោងរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់អង្គភាព Fresh Newsថា ម្ចាស់គោមានឈ្មោះ ជួន សុឃី អាយុ៣៦ឆ្នាំ។គោដែលបាត់មានគោឈ្មោលធំៗ សម្បុរស២ក្បាល និងកូនគោ២ក្បាល។

ពេលនេះកម្លាំងសមត្ថកិច្ចបាន និងកំពុងតាមរកជាមួយម្ចាស់គោខាងលើ។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ក៏មានករណីបាត់គោចំនួន៤ក្បាលផងដែរ កើតឡើងក្នុងស្រុក​បន្ទាយ​មាស​នេះ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលមូលដ្ឋាន សហការនឹងកម្លាំងប្រជាការពារ បានរកឃើញប្រគល់ឲ្យម្ចាស់គោវិញ កាលពីរសៀល ថ្ងៃទី១៥ ខែមីនា៕