(អាមេរិក)៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានឈ្នះការប្រកួតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងរដ្ឋ Florida ដែលបាននាំឲ្យលោក Marco Rubio សមាជិកព្រឹទ្ធសភានៃរដ្ឋ Florida ខ្ទាតចេញពីការប្រកួត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។
ទន្ទឹមនឹងជោគជ័យរបស់លោក Trump នោះដែរ ខាងគណបក្សប្រជាធិបតេយ្យវិញ លោកស្រី Hillary Clinton ក៏កំពុងតែនាំមុខខ្លាំងក្លានៃសំឡេងគាំទ្រផងដែរ ដោយទទួលបានជ័យជម្នះចំនួន ៤ប្រកួតនៅយប់ថ្ងៃអង្គារ សប្តាហ៍នេះក្នុងរដ្ឋ Ohio។
និយាយពីលោក Trump វិញ ជ័យជម្នះរបស់លោកបានគ្របដណ្តប់លើអ្នកចូលរួមចំនួន ៩៩ភាគរយ ដែលនេះជាការក្តោបក្តាប់ចំនួនដ៏ល្អបំផុត នៅក្នុងគណបក្សសាធារណរដ្ឋទាំងមូល ដើម្បីបន្តការប្រកួតប្រជែងជាមួយបេក្ខជនក្នុងគណបក្ស ដូចគ្នាទៅថ្ងៃមុខទៀត។
សម្រាប់លោកស្រី Clinton វិញទើបតែបានយកឈ្នះគូប្រជែងនៅរដ្ឋ North Carolina បន្ថែមទៀត ហើយអ្នកវិភាគជឿជាក់ថា នៅក្នុងការប្រកួតនៅរដ្ឋ អ៊ីលីណយស៍ នាពេលខាងមុខនេះអតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏ទំនងជានឹងទទួលបានជោគជ័យដូចគ្នាដែរ។
សរុបសេចក្តីមក នៅក្នុងប្រកួតដ៏ធំប្រចាំថ្ងៃអង្គារ សប្តាហ៍នេះ លោកស្រី Clinton បានយកឈ្នះ ៤ប្រកួតបន្ថែម ស្របពេលដែលលោក Trump ឈ្នះបានបីប្រកួត។ និយាយជារួមទៅ អ្នកទាំងពីរកំពុងតែនាំមុខគូប្រជែងនានា នៅក្នុងគណបក្សរៀងៗខ្លួន ប៉ុន្តែសម្រាប់សំឡេងគាំទ្រជាទូទៅវិញ លោកស្រី Clinton ហាក់មានសន្ទុះខ្លាំងជាងលោក Trump ៕