(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនចំនួន២ ក្នុងនោះរួមមានក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អីសួរ៉ិនស៍ ភីអិលស៊ី បានឧបត្ថម ថវិកា ២ម៉ឺនដុល្លារអាមេរិក និងអង្ករចំនួន ៧តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ជំងឺកូវីដ-១៩ ។
ពិធីប្រគល់និងទទួលអំណោយពីក្រុមហ៊ុនទាំង២ខាងលើនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនទាំងពីរ ដែលបានឧត្ថម្ភថវិកា និងអង្ករ ជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់រដ្ឋបាលខណ្ឌទាំង១៤ និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផល ប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
លោកអភិបាលបានបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ពីសំណាក់ក្រុមហ៊ុនទាំង២ ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិត និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ-១៩ ។
សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕