(តាកែវ)៖ អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានករណីស្លាប់មនុស្សចំនួន ៣នាក់ នៅស្រុកព្រៃកប្បាស និងស្រុកសំរោង ដោយសារជំងឺកូវីដ១៩។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកជំងឺទាំង៣នាក់ដែលស្លាប់ដោយសារកូវីដនោះរួមមាន៖
*ទី១៖ បុរសជនជាតិខ្មែរម្នាក់ឈ្មោះ តាំង សម្បត្តិ អាយុ៥៨ឆ្នាំ មានអាសយដ្ឋាននៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកស្រុកកំណើតនៅភូមិអន្លងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បុរសខាងលើបានមកដល់ផ្ទះរបស់គាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទីថ្ងៃត្រង់។ រហូតដល់ម៉ោង១៦៖០០នាទីរសៀល គាត់មានស្ថានភាពក្តៅ ដង្ហក់ខ្លាំង មិនអាចទៅមន្ទីរពេទ្យបានក្រុមគ្រូពេទ្យ បង្អែកស្រុកព្រៃកប្បាស បានចុះជួយសង្គ្រោះបន្ទាន់ តាមការផ្តល់ព័ត៌មានពីអាជ្ញាធរឃុំ។ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបានគាត់ក៏ស្លាប់នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧៖៥០នាទីល្ងាច។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ១៩»។
*ទី២៖ បុរសជនជាតិខ្មែរម្នាក់ឈ្មោះ សែម ពៅ អាយុ៤០ឆ្នាំ មុខរបរអ្នកលក់ដូរ មានអាសយដ្ឋាននៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ្នកជំងឺខាងលើបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទីល្ងាចក្នុងស្ថានភាពក្អក ហត់ឈឺក្បាល។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៥៖០០នាទីព្រឹក។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤០ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសង្ខាង ដោយសារវីរុសកូវីដ១៩»។
*ទី៣៖ ករណីស្ត្រីជនជាតិខ្មែរម្នាក់ស្លាប់ឈ្មោះ ប្រាក់ សារី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានអាសយដ្ឋាននៅ ភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ «អ្នកជំងឺខាងលើបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ បង្អែកបាទី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី ក្នុងស្ថានភាពស្លេកស្លាំង ហត់ខ្លាំង ថប់ទ្រូង ស្វាយបបូរមាត់ និងក្តៅខ្លួន។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសង្ខាង ដោយសារវីរុសកូវីដ១៩»។ រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕