(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបញ្ចប់គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិក នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានបង្ហាញថា ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។
ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក សម្រេចបញ្ចប់ជំនួយដល់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា នៅក្រោមគម្រោងព្រៃឡង់បៃតង តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ក្រោមហេតុផលការកាប់ឈើខុសច្បាប់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់នៅតែបន្តមាន បើទោះបីជារដ្ឋាភិបាលខ្លួន បានផ្តល់ជំនួយជាង ១០០លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈទីភ្នាក់ងារ USAID ដើម្បីអនុវត្តលើគម្រោងការពារធនធានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ ដើម្បីធានាអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក នៅកម្ពុជានៅថ្ងៃទី១៧ ខែមិថុនានេះ បញ្ជាក់ថា«ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរ ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែបម្រួល អាកាសធាតុ ដែលជាកង្វល់រួមតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ»។
ឆ្លើយតបនឹងបញ្ហាបញ្ចប់ជំនួយនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបញ្ចប់គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិក នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ បានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការ នៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនលើការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន»។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា៖ «ការបញ្ចប់គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ មិនមានអ្វីធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ឬស្ថានទូតអាមេរិកប្រចាំកម្ពុជានោះទេ។ ភាគីទាំងពីរនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើផ្នែកមួយចំនួនដែលមាន។ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី១៥ ខែមិថុនា ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងនាមជាដៃគូស្មើភាព និងស្មើសិទ្ធិ និងបានឯកភាពគ្នាបង្វែរជំនួយនេះទៅលើកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលបន្តបម្រើឱ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានបន្តថា ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថាបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ លោកបានបន្តថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ក្រសួងបរិស្ថានស្វាគមន៍ជានិច្ចក្នុងនាមជាដៃគូ និងអ្នកចូលរួមការពារធនធានធម្មជាតិដែលមានភាពស្មោះត្រង់ គោរពច្បាប់ជាធរមាន មិនមែនជាសកម្មភាពជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន ធនធានធម្មជាតិទៀត ដែលបម្រើរបៀបវារៈនយោបាយឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារ និងអភិរក្សមានភាពល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ស្ថានភាពជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦មក ទីភ្នាក់ងារ USAID បានចូលរួមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល លើការងារការពារព្រៃឈើនៅកម្ពុជា តាមរយៈបង្កើនល្បាតរបស់អនុរក្ស ការបណ្តុះបណ្តាលការអនុវត្តច្បាប់ និងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ពិសេសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅលើផ្ទៃដីជាង៣លាន ៣សែនហិកតា ដែលគ្របដណ្ដប់ក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង៕