(កណ្តាល)៖ លោកស្រី ឌឹប អេង អភិបាលរងស្រុកមុខកំពូល និងលោក ឈួន វណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមុខកំពូល និងអាជ្ញាធរឃុំរកាកោងទី២ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហាស់ វ៉ារី ទីព្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចុះប្រគល់ជូនប្រជាការពារចំនួន០៩រូប និងប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលមានជំងឺប្រចាំកាយ នៅភូមិដើមជ្រៃ និងភូមិពោធិរលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកស្រី ឌឹប អេង ក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខដល់ក្រុមគ្រួសារអ្នកជំងឺ និងប្រជាពលរដ្ឋនៅឃុំរកាកោងទី២ ទាំងអស់ នៅការនឹករលឹករបស់ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចទាំងទ្វេរ តែងតែនឹករលឹកដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនប្រកាន់ពូជសាសន៍ ឫនិន្នាការណ៍នយោបាយអ្វីឡើយ ហើយជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលងាយរងគ្រោះផ្សេងៗ។
លោកស្រី ឌឹប អេង ក៏បានជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយត្រូវតែរួមគ្នាទប់ស្កាត់វាឱ្យខាងតែបាន និងត្រូវអនុវត្តទៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ជាពិសេសចំពោះអ្នកចំណូលថ្មី និងអ្នកដែលមកពីក្រៅប្រទេស ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់ នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។
លោកស្រីអភិបាលរងស្រុកមុខកំពូល ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងទប់ស្កាត់នៃការរីករាលដាលនៃការឆ្លងជំងឺកូវីដ19 ឱ្យបានគ្រប់ៗគ្នា ពិសេសទៅណាមកណាត្រូវតែពាក់ម៉ាស់ និងលាងដៃនិងអាល់កុលឱ្យបានជាប់ជានិច្ចផងដែរ។
សូមបញ្ជាក់ថា ចំពោះប្រជាការពារចំនួន០៩នាក់ ក្នុងមួយនាក់ទទួលបានអាយកូម១គ្រឿង និងពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ និងមានជីវភាពក្រីក្រឈ្មោះ លោក ស៊ឹម លាភ មានអាយុ ៤៨ ឆ្នាំ ទទួលបានអំណោយអង្ក ១៥គីឡូក្រាម មី 1កេស និងថវិកា ៣៤០,០០០រៀល៕