(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន២០០គ្រួសារនៅភូមិកំពង់ព្រីង និងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ទទួលបានអំណោយសប្បុរសធម៍ពីលោកស្រី ហៀវ លន់ ព្រមទាំងបុត្រ នៅអំឡុងពេលជំងឺកូវីដ១៩នេះ។
ស្ថិតក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយនៅល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១នេះ លោកស្រី ហៀវ លន់ បានលើកសរសើរចំពោះការដឹកនាំដ៏ល្អឯករបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍ រីកចំរើនស្ទើរគ្រប់វិស័យ។
លោកស្រីបន្តថា ពិសេសនោះគឺរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ទាំងយប់ទាំងថ្ងៃ ដោយខិតខំធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យជំងឺនេះរីករាលដាល ហើយបានចាត់ចែងរៀបចំក្រុមការងារចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេស ហើយបានខិតខំព្យាបាលអ្នកឆ្លងដែលមានអត្រាអ្នកជាសះស្បើយកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។
លោកស្រីបញ្ជាក់ទៀតថា នេះជាទឹកចិត្តសណ្ដោសប្រណី សាកសមជាមេដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌ មេត្តាធម៌ដល់ប្រជារាស្ត្រទូរទាំងប្រទេសដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបត្រូវបានសម្ដេចតេជោ យកចិត្តទុកដាក់និងជួយសង្រ្គោះជានិច្ច។
លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តន៍តាមវិធាន ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងកាត់ផ្ដាច់ការចម្លងនេះឲ្យឆាប់ដាច់ចេញពីប្រទេសកម្ពុជា។
គួរជម្រាបថា អំណោយដែលលោកស្រី ហៀវ លន់ និងក្រុមគ្រួសារចែកជូនពលរដ្ឋមានរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, មី១កេស និងថវិកាម្នាក់១០ម៉ឺនរៀល៕