(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បន្ទាប់ពីនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
លោក ស៊ាន សុណាល់ ប្រធានស្តីទី ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានសហការជាមួយក្រុមបង្រ្កាប នៃស្នងការខេត្ត បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងបទល្មើសជាក់ស្តែង និងរឹបអូសបានគ្រឿងញៀន ម៉ាទឹកកកចំនួន៤ថង់មានទម្ងន់ស្មើនិង៣៥៣.៧០ក្រាម ទូរស័ព្ទ២គ្រឿង នាំយកមកការិយាល័យជំនាញដើម្បីសាកសួរ។
ជនសង្ស័យដែលឃាត់ខ្លួនបានមាន៖ទី១ ឈ្មោះ ឯក សុវណ្ណាវង្ស អាយុ២៨ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល និងទី២ឈ្មោះ ឃិន សុខ អាយុ២៨ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង៕