(កំពង់ឆ្នាំង)៖ លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ អមដោយអនុប្រធានសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត បានចូលជួបសំណេះសំណាលសម្តែងការគួរសមជាមួយ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងសហការី ដោយបានជួបពិភាក្សាអំពី ការងារការអនុវត្តច្បាប់ និងវិធានការទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ (៣កុំ ៣ការពារ) ដោយធ្វើតាមគន្លងជីវភាពថ្មី ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ក្នុងឱកាសនោះ លោក គឹម រ័ត្នណារិន ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំពោះលោកអភិបាលខេត្ត និងនាំយកមកនូវសម្ភារៈសម្រាប់ទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ជូនដល់គណៈអភិបាលខេត្ត សម្រាប់ជួយឧបត្ថម្ភដល់ជនងាយរងគ្រោះ និងដើម្បីទប់ស្កាត់បង្ការការរីករាលដាល នៃជំងឺកូវីដ១៩។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខដល់រូបលោក ក៏ដូចជាបានចូលរួមជាសម្ភារៈបរិក្ខារដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់ខេត្តកំពង់ឆ្នាំង និងជូនពរលោករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៌ មានសុភមង្គល ជួបតែសំណាងល្អជោគជ័យរាល់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕