(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា នេះ បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ ដែលតួលេខនេះមានការធ្លាក់ចុះខ្លាំង បើធៀបនឹងរយៈពេលប៉ុន្មានថ្ងៃមុន។ ក្រៅពីនេះ ក៏មានករណីស្លាប់១នាក់ទៀតផងដែរ ដែលជាករណីទី៤ ក្នុងខេត្តសៀមរាប។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីទី១ ជាករណីឆ្លងបន្តពីឪពុក ដែលមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។ ចំណែកឯ ករណីទី២ គឺជាករណីឆ្លងបន្តពីឪពុក ម្ដាយ មកពីរាជធានីភ្នំពេញ។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ឈួ ណយ ភេទស្រី អាយុ៨៤ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩ គួបផ្សំនឹងបញ្ហាបេះដូង ផងនោះ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១៨នាក់ ស្លាប់៤នាក់ និង៣៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕