(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៥នាក់ថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តាមរយៈការធ្វើតេស្តរហ័ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែមិថុនានេះ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា អ្នកជំងឺទាំង១៥នាក់នេះ ត្រូវបានរកឃើញនៅស្រុកពេជ្រាដា, ស្រុកអូររាំង ក្រុងសែនមនោរម្យ និងស្រុកកែវសីមា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅពិនិត្យ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានហ្មត់ចត់ មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ ៣កុំ និង ២ចូលរួម» របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕