(បន្ទាយមានជ័យ)៖ លោក លីវ សុភក្រ្តា សមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកម៉ាសពេទ្យចំនួន ១៥មុឺនម៉ាស ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដេីម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្ត។
ក្ក្នុងនោះដែរ លោក លីវ សុភក្រ្តា ក៏បានកោតសរសេីរចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានខិតខំយ៉ាងសស្រាកសស្រាំគ្មានពេលសម្រាក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ ជាពិសេសនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលជាភូមិមួយកំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដនេះ។
ទន្ទឹមនឹងនោះដែរ លោកបានឱ្យដឹងថា «ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានចូលរួមចំណែកនាំយកនូវម៉ាសចំនួន ១៥មុឺនម៉ាស ប្រគលជូនដលរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់យកទៅប្រេីប្រាស់ រួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍»។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លីវ សុភក្ត្រា ដែលជានិច្ចកាលតែងតែនាំយកអំណោយជាស្បៀងជាអង្ករ គ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្ត។ ដោយឡែកលេីកនេះ លោកក៏បាននាំយកនូវម៉ាសចំនួន ១៥ម៉ឺនម៉ាស ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រេីប្រាស់ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា ចាប់ពីមានការផ្ទុះពាក់ព័ន្ធព្រឹត្តិការសហគមន៍ ២០ កុម្ភៈ មករហូតមកទល់ពេលនេះអាជ្ញាធរខេត្ត បានគ្រប់គ្រងសភាពការណ៍យ៉ាងល្អ ដោយអាជ្ញាធរបានដាក់ចេញវិធានការបិទខ្ទប់នៅតំបន់ដែលមានការរកឃេីញផ្ទុះជំងឺកូវីដ១៩ មិនឱ្យមានការរាលដាលទៅតំបន់ផ្សេងៗ។
នាឱកាសនោះលោក អ៊ុ រាត្រី ក៏បានក្រេីនរំលឹកដល់ពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនត្រូវរក្សាគម្លាតសង្គម ជាពិសេសអនុវត្តវិធានការរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឱ្យបានជាប់ជាប្រចាំ៕