(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នាថ្មីៗនេះ បានអន្តរាគមន៍ជួយពលការីនីកម្ពុជា ៤នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ឱ្យត្រឡប់មកម្ពុជាវិញ ដែលក្នុងចំណោម៤នាក់នោះ មានម្នាក់បានត្រឡប់មកដល់កម្ពុជាហើយ នៅព្រឹកនេះ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេស ចេញនៅថ្ងៃទី១៦ ខែមីនា ។
ក្រសួងការបរទេស បានប្រកាសថា ពលការិនី ០៤ រូបនោះ មានឈ្មោះ ១- កាន សៅ អាយុ២៧ ឆ្នាំ បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ និងបានមកស្ថានទូត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ បន្ទាប់ពីស្ថានទូត បានទាមទារឲ្យថៅកែទិញសំបុត្រយន្តហោះឲ្យ ពលការិនីរូបនេះ បានមកដល់មាតុប្រទេសហើយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ តាមជើងយន្តហោះ AK ៥៣៦។
២-សាយ ច្រឹប អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្ត បានទៅធ្វើការជាអ្នកបោសសំអាត នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានទាមទារឲ្យថៅកែបើកប្រាក់ខែ និងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ ត្រឡប់មកកម្ពុជាវិញ ។
៣-ជិន កក្កដា អាយុ ៣២ ឆ្នាំ មានស្រុកកំណើតនៅភូមិអូតាប៉ាង ឃុំឧកញាហេង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានបានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានទាមទារឲ្យថៅកែបើកប្រាក់ខែ និងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ ត្រឡប់មកកម្ពុជាវិញ។
៤-ថន សាន អាយុ ៣២ ឆ្នាំ មានស្រុកកំណើតនៅភូមិផាន់ញ៉ើម ឃុំផ្តៀក ស្រុកប្រាសាទ បល័្លង្ក ខេត្តកំពង់ធំ បានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ និងបានមកស្ថានទូត នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ ត្រូវបានថៅកែបើកប្រាក់ខែ និងទិញសំបុត្រយន្តហោះឲ្យ បន្ទាប់ពីមានការទាមទារយ៉ាងស្វិតស្វាញរបស់ស្ថានទូត។
ក្រសួងបញ្ជាក់ថា ពលការិនី សាយ ច្រឹប , ជិន កក្កដា និងថន សាន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៦៖៣០ តាមជើងយន្តហោះ MH ៧៦២។កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប- ចុកជូនដល់ពលការិនីទាំង ០៤រូប ខាងលើ។
សូមបញ្ជាក់ថា គិតពីខែ មករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនី ឲ្យបានត្រឡប់មកស្រុកកំណើតវិញ ចំនួន២៥រូបហើយ៕