(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សារបស់ ហ្លួងម៉ែជាអម្ចាស់ជីវិត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាងខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយ បួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាទីឃាយុយឺនយូរដល់រយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ»។
ក្នុងព្រះបរមរាជវរោកាសដ៏វិសេសវិសាលបំផុតនេះ «នាងខ្ញុំម្ចាស់ និងសហការី គ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយថ្វាយនូវព្រះមហាករុណាទិគុណ ប្រកបដោយកតញ្ញូ កតវេទិតាធម៌ ដ៏ជ្រាលជ្រៅជាអតិបរមា ចំពោះព្រះរាជគុណធម៌ ព្រះព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា របស់ ហ្លួងម៉ែជាអម្ចាស់ជីវិត ដែលតែងតែបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យជាបន្តបន្ទាប់ ឧបត្ថម្ភគាំទ្រទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ ដោយគ្រោះធម្មជាតិនានា គ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងក្នុងគ្រប់កាលៈទេសៈ តែងតែមានព្រះរាជកិច្ចគាំទ្រជាស្មារតី និងព្រះរាជូបត្ថម្ភព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដោយព្រះរាជហឫទ័យជ្រះថ្លាជាភិយ្យោភាព»។
ជាថ្មីម្តងទៀត «នាងខ្ញុំម្ចាស់ និងសហការី សូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យ ជាពិសេស ឫទ្ធិបារមីព្រះបរមរូប ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមបន្តអភិបាលគ្រងរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖