(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមអបអរសាទរ ចំពោះខួបលើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ដោយសម្តេចបានចាត់ទុកថា នេះជាឱកាសមួយដ៏ល្អប្រសើរក្នុងការបង្កើនទំនាក់ទំនងអាស៊ាន-ចិន ឈានដល់កម្រិតខ្ពស់បន្ទាប់ទៀត ដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ការបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមសម្រាប់អាស៊ាន-ចិន។
ការលើកឡើងបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះ ប្រទេសប្រ៊ុយណេដារូសាឡឹម គឺជាម្ចាស់ផ្ទះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ៣ទស្សវត្សកន្លងមកនេះ យើងឃើញថាទំនាក់ទំនងអាស៊ាន-ចិន បានរីកដុះដាល់កាន់តែជិតស្និទ្ធ និងរឹងមាំឡើង ហើយប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តភាពតំបន់។ «ចិនបានប្ដេជ្ញាចិត្ត ដើម្បីកសាងទំនុកចិត្ត និងពង្រឹងចំណងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេសលើវិស័យសន្តិសុខលម្ហសមុទ្រ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា។
សម្តេចបានវាយតម្លៃខ្ពស់លើជោគជ័យនៃលំហាត់លម្ហសមុទ្រអាស៊ាន-ចិន ដែលអនុវត្តកាលខែសីហា ឆ្នាំ២០១៨ ដែលជួយពង្រឹងអន្តរប្រតិបត្តិការកងទ័ពជើងទឹក ហើយសំខាន់ជាងនេះទៅទៀត ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់ ក្នុងការធ្វើការជាមួយគ្នា ដើម្បីដោះស្រាយឧប្បត្តិហេតុនៅលើសមុទ្រ។
សម្តេច ទៀ បាញ់ ក៏បានសម្ដែងការចូលរួមអបអរសាទរដល់ប្រទេសចិន ដែលបានធ្វើជាសហប្រធានក្រុមការងារជំនាញ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដោយជោគជ័យ រួមមានការធ្វើជាសហប្រធានក្រុមការងារជំនាញ ស្ដីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយជាមួយប្រទេសវៀតណាម ក្នុងជុំទី១ និងសហប្រធានក្រុមការងារជំនាញ ស្តីពីការប្រឆាំងភេរវកម្ម ជាមួយប្រទេសថៃ ក្នុងជុំទី៣។ នៅក្នុងជុំទី៤នេះ កម្ពុជាមានកិត្តិយសដែលបានធ្វើជាសហប្រធានក្រុមការងារជំនាញ ស្ដីពីសកម្មភាពកម្ចាត់មីនមនុស្សធម៌ ជាមួយប្រទេសចិន ផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក វេ ហ្វ៊ុងហឺ (Wei Fenghe) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការពារជាតិចិន បានគូសបញ្ជាក់ថា៖ «អាស៊ាន និងចិន បានក្លាយទៅជាទំនាក់ទំនងមួយដែលមានថាមពល និងប្រសិទ្ធភាពបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោកលើកឡើងថា «នៅឆ្នាំនេះ គឺជាខួបលើកទី៣០ នៃកិច្ចទំនាក់ទំនងរវាងអាស៊ាន-និងចិន ដូច្នេះ ៣០ឆ្នាំកន្លងមកនេះ គឺប្រទេសអាស៊ាន និងប្រទេសចិន បានកសាងទំនាក់ទំនងនៅពេលសង្គ្រាមត្រជាត់ត្រូវបានបញ្ចប់ ជាពិសេសនៅពេលពិភពលោកបានក្លាយជាពហុប៉ូល ក៏ដូចជាកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច។ និយាយអំពីកិច្ចសហប្រតិបត្ដិការសន្ដិសុខ រវាងប្រទេសទាំងពីរ គឺជាការកសាងសហគមន៍អាស៊ាន-ចិន ដែលមានអនាគតរួមគ្នា វាគឺជាគោលដៅសំខាន់បំផុតរបស់យើង»។
ទាក់ទងទៅនឹងសន្តិសុខក្នុងតំបន់ លោក វេ ហ្វ៊ុងហឺ រដ្ឋមន្ដ្រីការពារជាតិចិន បានបញ្ជាក់ឱ្យដឹងថា ជាច្រើនឆ្នាំកន្លងមកប្រទេសចិន និងអាស៊ា នបានធ្វើកិច្ចសហប្រតិបត្ដិការផ្នែកសន្ដិសុខនេះ និងបានចូលរួមក្នុងវិស័យជាច្រើន ក្នុងនោះបានជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការដែលមានខ្លឹមសារជាច្រើនក្នុងការរក្សាសន្ដិភាព និងស្ថិរភាពទាំងលើឆាកអន្ដរជាតិនិងតំបន់។ នេះបានបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងកសាងសហគមន៍របស់យើងដែលមានវាសនារួមគ្នារវាងអាស៊ាន និងចិន យើងការជឿទុកចិត្ដគ្នាទៅវិញទៅមកត្រូវបានពង្រឹង យើងជាអ្នកធ្វើការក្នុងវិស័យការពារជាតិក៏បានពង្រឹងកិច្ចសហប្រតិបត្ដិការជិតស្និទ្ធគ្នាទៅវិញទៅមក ក៏ដូចជាវិស័យពហុភាគីនិងការធ្វើទស្សនកិច្ចទៅវិញទៅមក។
សូមបញ្ជាក់ថា ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារ ជាតិអាស៊ាន-ចិន លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសព្រុយណេដារូសាឡាំ បានសំដែងការអបអរសាទរខួបលើកទី៣០ឆ្នាំ នៃកិច្ចសហប្រត្តិការរវាងអាស៊ាន-ចិននេះដែរ។ លោកបានសម្ដែងជំនឿជឿជាក់ថា ការងារដែលអាស៊ានបានធ្វើកន្លងមកជាមួយប្រទេសចិន បានបន្តជំរុញនូវការជឿជាក់គ្នាទៅវិញទៅមក ការជួយគ្នាទៅវិញទៅមក និងជំរុញដល់ការអភិវឌ្ឍ និងស្ថេរភាពនៅក្នុងតំបន់។
លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប្រុយណេដារូសាឡឹម បានចាត់ទុកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន ចិន គឺជាកិច្ចសន្ទនាមួយដ៏ល្អបំផុត ជាមួយគ្នានេះ ការងារនេះនឹងបន្តទៅមុខទៀត ជាពិសេសបន្តនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក៕