(កំពង់ចាម)៖ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យលោកអភិបាលស្រុកថ្មី ត្រូវខិតខំធ្វើការបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
បន្ទាប់ពីការឡើងប្ដេជ្ញាចិត្ត របស់លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើថ្មី, លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើឱ្យលោកអភិបាលស្រុក ទើបចូលកាន់តំណែង ខិតខំបន្ត រក្សាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគោលការណ៍គ្រឹះ ក្នុងការអភិវឌ្ឍ និងត្រូវគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយ នូវសភាពការណ៍ ប្រសិនបើពិនិត្យឃើញមានសភាពការណ៍អ្វីកើតឡើង ត្រូវដាក់ចេញជាវិធានការដោះស្រាយឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានថ្លែងបន្តថា អាជ្ញាធរស្រុកត្រូវខិតខំពន្យល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ មកលើអាជ្ញាធរ និងរដ្ឋាភិបាល និងត្រូវខិតខំដោះស្រាយនូវបញ្ហា រាល់ការតវ៉ានានាក្នុងមូលដ្ឋានដោយសន្តិវិធី បញ្ចៀសនូវអំពើហិង្សា ហើយធ្វើឲ្យមានការចោទប្រកាន់មកលើអាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សូមបញ្ជាក់ថា លោក សំ ពិសិដ្ឋ អតីតនាយករងរដ្ឋបាលខេត្តកំពង់ចាម ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកចំការលើ ដោយអតីតអភិបាលស្រុកចំការលើ លោក ខ្លូត ចិន្តា ផ្លាស់ទៅកាន់តំណែងថ្មី៕