(ស្វាយរៀង)៖ លោក ឌិន ស៉ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្វាយរៀង និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អនុប្រធានតុលាការ ព្រះរាជអាជ្ញារង ចៅក្រមព្រមទាំងក្រុមការងារជាច្រើនរូប បានប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការវត្តបូទុមសុផានារាម ហៅវត្តគយត្របែក វត្តកោះជុំ និងវត្តគោកតាព្រហ្ម ក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ នាព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១នេះ។
ព្រះគ្រូចៅអធិការវត្តបូទុមសុផានារាម បានមានសង្ឃដីកាថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំនិងក្រុមការងារនៃសាលាដំបូងខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់និងគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងបានគិតគូរអំពីសុខទុក្ខរបស់ព្រះសង្ឃ ក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍។
ទេយ្យទានជាគ្រឿងឧបភោគបរិភោគសម្ភារ ដែលយកមកប្រគេននាពេលនេះរួមមាន អង្ករ១០០គីឡូ មីមួយកេសធំ ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកស៉ីអ៉ីវ តែ ស្ករ ទៀនធូប ត្រីងៀតនិងបច្ច័យ ចំនួន១លានរៀល៕