(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់នៅកម្ពុជា ឈប់យកឈ្មោះ «អូឡាំពិក» និង «និមិត្តសញ្ញាកងប្រាំអូឡាំពិក» ទៅធ្វើជាឈ្មោះ និង និមិត្តសញ្ញាក្រុមហ៊ុន សហគ្រាសរបស់ខ្លួន ដែលអាចនាំឲ្យមានទោសទណ្ឌ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែល Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បច្ចុប្បន្នមានសហគ្រាស និងក្រុមហ៊ុនមួយចំនួន បានយកឈ្មោះ «អូឡាំពិក» និង «និមិត្តសញ្ញាកងប្រាំអូឡាំពិក» របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់។
ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទង្វើនេះ គឺជាការរំលោភបំពានសិទ្ធិរបស់ម្ចាស់ម៉ាក ដែលបានការពារ ដោយអនុសញ្ញាទីក្រុងប៉ារីស ហើយផ្ទុយពីច្បាប់ស្តីពីម៉ាកពាណិជ្ជនាម។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ម្ចាស់ដើម នៃម៉ាក មានសិទ្ធិប្តឹងទៅតុលាការ ឬក្រសួង-ស្ថាប័ន មានសមត្ថកិច្ចប្រឆាំងបុគ្គលណាមួយ ដែលប្រើប្រាស់ ឬត្រាប់តាម ដោយរំលោភបំពាន នូវម៉ាករបស់ខ្លួន ដោយគ្មានការអនុញ្ញាត។ ជនល្មើសត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និង ដាក់ពន្ធនាគារ ឬទោសណាមួយ នៃទោសទាំងពីរ៕