(ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលសរុបបានជាង ២១លានដុល្លារអាមេរិក មានការកើនឡើងជាង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ១៨.៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៨៤,៣០៤,៧២៦,០០០រៀល (ប្រមាណ ២១លានដុល្លារអាមេរិក) កើនឡើងជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៧៥,៨១៧,៣១៦,០០០រៀល (ប្រមាណ ១៨.៩លានដុល្លារអាមេរិក)។
ដោយឡែកប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៣០,៧៧១,៦០៩,០០០រៀល (ប្រមាណជាង ៧លានដុល្លារអាមេរិក) កើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ២៦,៦០៣,៩៤៤,០០០រៀល (ប្រមាណ ៦.៦លានដុល្លារអាមេរិក)៕