(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់នាយ និងពលអាវុធហត្ថទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបន្ដចូលរួមការពារ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការបន្ដណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយនូវវិធានការ នៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង និងក្រើនរំលឹកដល់សមាជិកទាំងអស់ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រម។
បន្ថែមពីនេះ ត្រូវធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារស្នូលរបស់កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅដល់ការ ពង្រឹងសន្តិសុខសង្គម រក្សាសណ្តាប់សាធារណៈ ជួយដល់ពលរដ្ឋទន់ខ្សោយ និងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀតផងដែរ៕