(ភ្នំពេញ)៖ ASEAN Access គឺជាគេហទំព័រព័ត៌មានថ្មីមួយ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់អាស៊ាន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ ASEAN Access ផ្តល់ព័ត៌មានទូលំទូលាយស្តីពីការធ្វើពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត ក្នុងពិភពលោក។

តាមរយៈ ASEANAccess សហគ្រាសធុនតូច និងមធ្យមអាចរកមើលផលិតផលថ្មីៗ ឱកាសប្រកបអាជីវកម្ម ទទួលបានព័ត៌មានពីព្រឹត្តិការណ៍នានា ទាក់ទងនឹងពាណិជ្ជកម្ម និងការផ្គូរផ្គង់ អាជីវកម្ម ព្រមទាំងទទួលបានព័ត៌មានចុងក្រោយ អំពីការធ្វើអាជីវកម្ម និងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។

សូមចូលទៅកាន់គេហទំព័រ www.aseanaccess.com ដើម្បីចុះឈ្មោះអាជីវកម្មរបស់លោកអ្នក ប្រសិនបើលោកអ្នកជាអ្នកផ្គត់ផ្គង់សេវាផ្សេងៗ ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ឬទំនាក់ទំនងមន្រ្តីទទួលបន្ទុកថ្នាក់ជាតិសម្រាប់គេហទំព័រ ASEAN Access ប្រចាំប្រទេសកម្ពុជា៖

*ទី១៖ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI), ([email protected])

*ទី២៖ លោកស្រី Onie Luna នាយកប្រតិបត្តិសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), ([email protected])

*ទី៣៖ លោក ប៊ុន សម្បត្តិ អគ្គលេខាធិការដ្ឋាននៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ([email protected])

ASEAN Access ស្ថិតក្រោមបេសកកម្មរួមរបស់ប្រទេសសមាជិកអាស៊ានទាំង១០ ដែលដឹកនាំដោយការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម នៃប្រទេសថៃ។

ប្រទេសកម្ពុជា តាមរយៈអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងបើកដំណើរការគេហទំព័រ KhmerSME នៅចុងឆ្នាំ២០២១នេះ។ គេហទំព័រ KhmerSME គឺជាគេហទំព័រព័ត៌មានជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៃព្រះរាជាណាចក្រកម្ពុជា។

គេហទំព័រនេះ នឹងប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយសម្រាប់ផ្តល់ព័ត៌មាន ដល់ម្ចាស់អាជីវកម្មកម្ពុជា។ គេហទំព័រ KhmerSME នឹងភ្ជាប់ទៅកាន់គេហទំព័រ ASEAN Access ដើម្បីចូលរួមគាំទ្រជាពិសេសដល់ការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។ ចូលរួមតាមដានព័ត៌មានរបស់គេហទំព័រ KhmerSME តាមរយៈតេឡេក្រាម t.me/msmeskh។

ASEAN Access ទទួលបានការគាំទ្រពីគម្រោង ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន ឧបត្ថម្ភដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលអនុវត្តដោយទីភ្នាក់ងារ GIZ៕