(កំពង់ស្ពឺ)៖ ក្រោយពីការចេញផ្សាយរឿងប្រធានក្រុមហ៊ុន «Sanan Agriculture Development and Logistic» បានបាញ់មេគោផើមរបស់អ្នកស្រុក បណ្តាលឲ្យងាប់រហូតតុលាការខេត្តកំពង់ស្ពឺ ចេញដីកាបញ្ជាឲ្យចាប់ខ្លួនទៀតនោះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ លោក ស្លាត សាណាន ប្រធានក្រុមហ៊ុន បានចេញមកបកស្រាយនិងពន្យល់ចំពោះរឿងរ៉ាវទាំងនេះ ពោលករណីបាញ់ចំមេគោផើម ជារឿងតូចនោះទេ គ្រាន់តែសងលុយគឺចប់ ប៉ុន្តែរឿងដែលធំជាងនេះ ហើយមានគេចង់ធ្វើបាបលោកនោះ គឺរឿងជម្លោះដីធ្លី។
លោក ស្លាត សាណាន នៅរសៀលថ្ងៃនេះ បានធ្វើដំណើរមកដល់ការិយាល័យអង្គភាព Fresh News ដោយបានរៀបរាប់ថា នៅថ្ងៃកើតហេតុពោលនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ លោកបានយកកាំភ្លើងអាកាបាញ់ដើមចេក ដើម្បីសាកកាំភ្លើងតែបាញ់ចំនួន៣គ្រាប់ មិនចំដើមចេក ក៏ត្រូវមេគោរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិដែលចូលមកស៊ីដើមដំឡូងរបស់លោក បណ្តាលឲ្យដួលងាប់ភ្លាមៗ។
លោកបានបន្តទៀតថា នៅពេលនោះ លោកបានរាយការណ៍ទៅលោកមេឃុំ ដើម្បីឲ្យជួយប្រកាសស្វែងរកម្ចាស់គោ ដើម្បីសងសំណងវិញ តែដោយរកមិនទាន់ឃើញ លុះល្ងាចថ្ងៃដដែលនេះ លោកក៏សុំយកគោទៅវះ ដើម្បីចែកជូនកម្មករហូប ពីព្រោះគង់តែសងថ្លៃគោគេទៅហើយ ដូច្នេះកុំឲ្យខាតក៏យកសាច់តែម្តង ព្រមទាំងបានយកសាច់ទាំងនេះ ទៅឲ្យមេឃុំទៀតផង។ លុះព្រឹកឡើង លោកបានរកឃើញម្ចាស់គោ ហើយនិយាយចរចាគ្នាតម្លៃសង៥០ម៉ឺន ដោយពីដំបូងម្ចាស់គោ បានយល់ព្រមទទួលយកតែរៀបនឹងសងនោះ ខាងម្ចាស់គោក្រឡាស់វិញ ដោយទាមទារឲ្យសមត្ថកកិច្ចចាប់លោកដាក់ពន្ធនាគារ។
ចំពោះរឿងនេះត្រូវបានប្រធានក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចនៅឃុំតាំងសំរោង ស្រុកភ្នំស្រួចរូបនេះ អះអាងថា មានអ្នកទិញរឿងយកទៅធ្វើបាបលោកនោះគឺ ឈ្មោះ វូច វរៈជាមន្រ្តីយោធា និងប្រពន្ធឈ្មោះ ចឹក ចាន់រ៉ា ដែលពួកគេទាំង២នាក់ រកស៊ីគួសជេរដីនៅតំបន់នោះ ហើយដឹកនាំប្រជាពលរដ្ឋ មកតវ៉ាដើម្បីដណ្តើមដីស្របច្បាប់របស់លោក។
លោក ស្លាត សាណាន បានបញ្ជាក់ថា លោកបានទទួលសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាលចំពោះការវិនិយោគ ចំនួន៥០០ហិចតានៅតំបន់នោះ ហើយក្រោយមកនៅសល់៣០០ហិចតា ដែលមានការដំឡូង រហូតដាំស្វាយនៅពេលនេះ។ ចំពោះបញ្ហាដីធ្លីមួយនេះ ក៏មានលិខិតអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ឯក ចៅ តុល ផងដែរ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ ដោយស្នើសុំទៅអភិបាលខេត្តកំពង់ស្ពឺ ជួយសម្រួលដើម្បីឲ្យលោកស្រី ចឹក ចាន់រ៉ា (ប្រពន្ធលោក វូច វរៈ) បានធ្វើរបងហ៊ុំព័ទ្ធ និងចូលកាន់កាប់ដីធ្លីចំនួន៣០០ហិចតា ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង និងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រធានក្រុមហ៊ុនរូបនេះ បានលើកឡើងថា លោកបានទិញនៅតំបន់នោះ យ៉ាងស្របច្បាប់តាំងពីអំឡុងប្រមាណ១០ឆ្នាំមុន តែក្រោយមកឈ្មោះវូច វរៈ បានទៅបង្ករឿង និងដឹកនាំប្រជាពលរដ្ឋ ទៅដណ្តើមដីរបស់លោករហូតមានរឿងវែងឆ្ងាយបែបនេះកើតឡើង។
សូមបញ្ជាក់ថាលោក ស្លាត សាណាន បានរងការចោទប្រកាន់ថា បានបាញ់សម្លាប់មេគោកំពុងមានកូននៅក្នុងពោះរបស់អ្នកស្រុកមួយក្បាល យកទៅកាប់សាច់ចែកក្រុមកម្មករហូបចុកតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ បើទោះបីមានដីកាបញ្ជាឲ្យចាប់ខ្លួន របស់តុលាការខេត្តកំពង់ស្ពឺក៏ដោយនោះ។ ជុំវិញករណីមួយនេះ ជនរងគ្រោះដែលជាម្ចាស់មេគោញី គឺអ្នកស្រី ស៊ូ ថន អាយុ៥៥ឆ្នាំ និងប្តីជុំ ខឿន អាយុ៥៣ឆ្នាំ រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រេចដាក់ពាក្យបណ្តឹង គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
ពាក្យបណ្តឹងរបស់ម្ចាស់គោដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះបានឲ្យដឹងថា «កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ នៅវេលាម៉ោង៩ព្រឹកឈ្មោះ ស្លាត សាណាន បានប្រើអំណាចដ៏ឃោឃៅ មកលើគ្រួសាររបស់នាងខ្ញុំណាស់ ដោយបានបាញ់សម្លាប់មេគោញីផើម មានកូនក្នុងពោះជិតកើតរបស់នាងខ្ញុំ យកទៅព្រលះយកសាច់ចែកកម្មករហូបអស់។ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងតុលាការខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌ឲ្យ ពេលនោះមានលោកមេឃុំតាំងសំរោង និងអភិបាលស្រុកភ្នំស្រួច បានធ្វើរបាយការណ៍ជូនថ្នាក់លើរួចហើយ។ ហើយលោក គង់ សែត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការចោទប្រកាន់ និងបញ្ជាឲ្យចាប់ខ្លួនយកមកឃុំខ្លួនឈ្មោះ ស្លាត សាណាន តែរហូតមកដល់ឆ្នាំ២០១៦នេះ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ»។ ជាមួយគ្នានេះ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខាងលើត្រូវបានបញ្ជូនទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តីហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។