(ណៃពិដោ)៖ លោក យូ ហាទីន ក្យរ (U Htin Kyaw) កើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤៦ (អាយុប្អូនលោកស្រី អ៊ុងសាន ស៊ូជី មួយឆ្នាំ) គឺជាប្រធានាធិបតីជាប់ឆ្នោតដំបូង របស់មីយ៉ាន់ម៉ា ដែលមានវ័យចំណាស់បំផុត គិតចាប់តាំង ពីឆ្នាំ១៩៦២មក ជាពិសេសមិនត្រូវបានតែងតាំង ដោយយោធា។ លោកមានប្រភពមកពីជនជាតិដើមកាត់ មន-ភូមា ដែលធ្លាប់ត្រូវបានក្រុមអ្នកវិភាគនយោបាយ​នានា សន្និដ្ឋានថា នឹងអាចក្លាយជាប្រធានាធិបតី ចាប់តាំងពីការបោះឆ្នោតនៅចុងឆ្នាំ ២០១៥ មកម្ល៉េះ។

ទោះបីជារដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា បានរារាំងលោកស្រី អ៊ុងសាន ស៊ូជី មិនឲ្យមាន​ឱកាសឡើង កាន់តំណែងជាប្រធានាធិបតីក៏ដោយ ប៉ុន្តែលោក យូ គឺជាបុគ្គលដែលសក្តិសមបំផុត របស់គណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅក្នុងឡើងកាន់តំណែងនេះ ព្រោះតែលោកជាអ្នកធ្លាប់ មានប្រវត្តិតស៊ូ ជាប់គុក និងជាមនុស្សជំនិតរហូតដល់ធ្លាប់ធ្វើជាតៃកុងឡាន ក្នុងឱកាសសំខាន់ៗជូនលោកស្រី អ៊ុងសាន ស៊ូជី ទៀតផង។

ទោះបីជាបែបនេះក្តី ចំណេះដឹងរបស់លោកគឺជារឿងមួយដែលមិនអាចមើលរំលងឡើយ ព្រោះលោកគឺជាអ្នកដែលធ្លាប់សិក្សា នៅក្រៅប្រទេស ជាពិសេសលោកធ្លាប់បានទទួលការហ្វឹកហ្វឺន លើជំនាញសេដ្ឋកិច្ច ពីសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស ហើយដែលចំណេះ និងជំនាញនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មីយ៉ាន់ម៉ា ដែលកំពុងស្ថិតនៅក្នុងលំដាប់ ជាប្រទេសដ៏ក្រីក្របំផុតលើពិភពលោកនៅឡើយ។

ងាកទៅមើលប្រវត្តិនៃការសិក្សា របស់លោកបន្ថែមទៀត នៅក្នុងប្រទេសភូមាផ្ទាល់, លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកាលពីឆ្នាំ ១៩៦៨ នៅទីក្រុងរ៉ង់ហ្គូន ហើយបន្ថែមពីនេះទៀតលោកក៏បានសិក្សាជំនាញ ផ្នែកកុំព្យូទ័រ នៅឆ្នាំ ១៩៧០។ ដើម្បីបង្កើនជំនាញបន្ថែមទៀតលោក ក៏បានចាប់យកការសិក្សា នៅឯសកលវិទ្យាល័យទីក្រុងឡុងដ៍ ស្តីវិទ្យាសាស្ត្រកុំព្យូទ័រពីឆ្នាំ១៩៧១ ដល់ ១៩៧២ និងបន្តការសិក្សាផ្នែកជំនាញ គ្រប់គ្រងនៅឯសកលវិទ្យាល័យ Cambrigde រដ្ឋ Massachusetts សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៧។

មកដល់ប្រទេសជាតិវិញ លោកបានចាប់ឱកាសបម្រើការងារក្នុងស្ថាប័នរដ្ឋ ដូចជាក្រសួងឧស្សាហកម្ម នៅចុងទសវត្សរ៍១៩៧០ និង១៩៨០ ព្រមទាំងបានធ្វើជាសាស្ត្រាចារ្យនៅឯសកលវិទ្យាល័យផងដែរ។ ចុងក្រោយលោក បានកាន់តំណែងជានាយករងនៃនាយកដ្ឋានទំនាក់ទំនងសេដ្ឋកិច្ច អន្តរជាតិ ប៉ុន្តែលោកបានលាលែងចេញពីតំណែង នៅឆ្នាំ ១៩៩២ បន្ទាប់ពីយោធាភូមា ធ្វើការក្តោបក្តាប់អំណាចពេញលេញ។

អ្វីដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ លោកក៏ធ្លាប់ជាអ្នកទោសនយោបាយមួយរូបផងដែរ ដោយកាលពីឆ្នាំ ២០០០ លោកត្រូវបានរដ្ឋាភិបាលយោធា ចាប់ឃុំខ្លួនក្នុងពន្ធនាគារអស់បួនខែ ពីបទចូលរួមយុទ្ធនាការនយោបាយ មួយដែលមានចេតនាប្រឆាំងរបបយោធា។ រហូតមកដល់ឆ្នាំ ២០១២ លោកបានទទួលតំណែងជានាយកប្រតិបត្តិ ជាន់ខ្ពស់នៃមូលនិធិ Daw Khin Kyi ដែលត្រូវបានបង្កើតឡើងដោយលោកស្រី អ៊ុនសាន ស៊ូជី ដើម្បីរំលឹកដល់ម្តាយ របស់លោកស្រី ឈ្មោះ Khin Kyi។

ការតែងតាំងរូបលោក ឲ្យមានតំណែងនឹងតួនាទីសំខាន់ៗ ជាបន្តបន្ទាប់ក្នុង គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងនៅក្នុងសភាជាតិនោះ គឺបានទទួលការគាំទ្រយ៉ាងខ្លាំង ពីក្រុមអ្នកគាំទ្រ ក៏ដូចជាសមាជិកគ្រប់ជាន់ថ្នាក់របស់បក្ស ដោយសារតែលោក U Htin Kyaw ជាបុគ្គលមួយរូប ដែលពោពេញដោយ សច្ចភាព, ភក្តីភាព, និង ប្រកបចំណេះដឹង ដ៏គួរឲ្យគោរពជាទីបំផុត៕