(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា ធ្វើជាតំណាង អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទាំង ២គណៈ សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តចំនួន ៩ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
១៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទាំង ពីរគណៈ និងព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម និងវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ) ស្ថិតនៅរាជធានីភ្នំពេញ។
២៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយប្រគេន និងប្រគេន សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តបទុមវតីរាជវរារាម (មហានិកាយ) និងវត្តលង្កាព្រះកុសុមារាម ស្ថិតនៅរាជធានីភ្នំពេញ។
៣៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ-បច្ច័យ ប្រគេន សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅរាជធានីភ្នំពេញ។
៤៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ-បច្ច័យ ប្រគេនព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅខេត្តកណ្តាល។
៥៖ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ-បច្ច័យ ប្រគេន សម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត) ស្ថិតនៅរាជធានីភ្នំពេញ។
៦៖ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទេយ្យវត្ថុ-បច្ច័យ ប្រគេនព្រះសង្ឃ គង់នៅវត្តសុគន្ធមានបុណ្យ និងវត្តអរិយកស្សប ស្ថិតនៅខេត្តកណ្តាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ បានសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងលំឱនកាយបួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាទីឃាយុយឺនយូរដល់រយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនដោយក្តីសុខដុមរមនាអស់កាលដ៏យូរអង្វែងតរៀងទៅ៕