(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៥ ខែមិថុនា នេះបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត ខណៈអ្នកជំងឺ១នាក់ជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង១២នាក់នោះ ករណីទី១ ដល់ទី៩ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។
ចំពោះករណីទី១០ ជាករណីធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ និងករណីទី១១ និង១២ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។
នៅថ្ងៃនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ប្រាក់ ស្រីកា ភេទស្រី អាយុ១២ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៦នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១៨នាក់ ស្លាប់៣នាក់ និង៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕